ក្រុមសេះបង្កង់ Juventus ដែលកំពុង តែឈរកំពូលតារាងនៅអុីតាលី Serie A បានវាយបកតាមពី ក្រោយរហូតយកឈ្នះ លើក្រុម Napoli 3-1 វិញនៅអុីតាលីCup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១។
ក្រុមភ្ញៀវមានឱកាសនាំមុខមួយគ្រាប់មុនដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែ ប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Callejón នៅ នាទីទី៣៦។ ចូលដល់តង់ទីពីរម្ចាស់ផ្ទះបាន ព្យាយាមវាយលុកយ៉ាងខ្លាំងហើយនៅនាទី ទី៤៧ខ្សែប្រយុទ្ធអាហ្សង់ទីនPaulo Dybala បានទាត់បាល់ប៉េណាល់ទីមួយគ្រាប់ឲ្យ Juventus តាមស្មើ ។
លុះមកដល់នាទីទី៦៤កីឡាករអាហ្សង់ ទីនម្នាក់ទៀតគឺ Higuaín បានស៊ុតបាល់ពីមុំខាងស្ដាំឲ្យក្រុម Juventus ដែលដឹកនាំ ដោយលោក Allegri នាំមុខបានសម្រេច ២-១ ហើយនៅនាទីទី៦៩ Dybala បាន បន្ថែមគ្រាប់ទី៣ជាការទាត់បាល់ប៉េណាល់ទីដដែលបន្ទាប់ពីអ្នកចាំទី Reina ត្រូវអាជ្ញាកណ្ដាលចោទថាបានធ្វើឲ្យកីឡាករJuventus ដួលបើទោះជារូបគេបានប៉ះបាល់មុនក៏ដោយ ។
គួរបញ្ជាក់ថា ជើងទី២នឹងធ្វើឡើងនៅ ទឹកដី Napoli វិញនាថ្ងៃអង្គារសប្ដាហ៍ ក្រោយ។ ប្រសិនបើក្រុម Napoli ប្រកួតត្រឹម ស្មើនោះក្រុមសេះបង្កង់នឹងឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ ៕