ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តកំពង់ធំប្រារព្វទិវាជាតិទីក្រុងស្អាតលើកទី៥ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្ដនិងរស់នៅប្រកបដោយសុខមាលភាពល្អ មានអនាម័យល្អ បរិយាកាសល្អ សាកសមជាប្រទេសដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ទទួលបាននូវសន្តិភាព ស្ថេរភាពនយោបាយ មានសណ្តាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើយើងទាំងអស់គ្នាបានប្រារព្វធ្វើទិវានេះរាងរាល់ឆ្នាំ ជាពិសេសខេត្តកំពង់ធំបានប្រារព្វធ្វើឡើង ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត មន្រ្ដីគ្រប់ស្ថាប័ន្ដជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស អាជីវករ ប្រជាពលរដ្ន សរុបជាង៦០០នាក់ ដែលបានអនុវត្តន៍នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថាការប្រារព្វទិវាទីក្រុងស្អាតនេះក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ណភាពបរិស្ថាននិងសណ្តាប់ធ្នាប់ទីក្រុងជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាការពារបរិស្ថាន និងបានជម្រុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធ ឲ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថានតាមក្រុងរបស់ខ្លួន។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តន៍និងនិន្នាការអភិវឌ្ឍថ្មីនេះកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់និងគិតគូរបង្កើនការប្រកួតប្រជែង និងការធានានិរន្តភាពនៃការអភិវឌ្ឍ ដោយឈរលើយុទ្ធនាការ (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវ៉ាល្អ បដិសណ្ឋារកិច្ចល្អ) នេះជាការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ មាសបៃតង។
លោកបានបន្តថា ក្នុងការប្រារព្វទិវាទីក្រុងស្អាត «ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ» គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែចង់រស់នៅទីក្រុងដែលមានភាពស្អាតនិងបៃតង។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា បើចង់ឲ្យទីក្រុងបានស្អាត លុះត្រាផ្តើមចេញពីយើងទាំងអស់គ្នា ចេះស្រលាញ់ទីក្រុង ប្រើទម្លាប់ល្អនាំគ្នាយកសំរាមទៅចោលនៅកន្លែងធុងសំរាម៕ ប៊ុន រិទ្ធី