ភ្នំពេញ៖ លោកឧត្តមសេនីយ៏ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧នេះអាជ្ញាធរកម្ពុជាបានបញ្ជូនជនបរទេសឲ្យចេញពីប្រទេសកម្ពុជាបានជាង៤០០នាក់ មាន២៤សញ្ជាតិក្នុងនោះ ជនជាតិវៀតណាមប្រមាណ៩០% ដែលពួកគេឆ្លងដែនខុសច្បាប់ ស្នាក់នៅផុតកំណត់ទិដ្ឋាការ និងស្នាក់នៅបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ចាប់តាំងពីបង្កើតនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០១៤មកដល់២០១៧នេះ មានរយៈពេល៣ឆ្នាំមកហើយ ។ ក្នុងរយៈពេល៣ឆ្នាំមកនេះនាយកដ្ឋានរបស់លោក បានធ្វើការឃាត់ខ្លួនជនបរទេសដែលឆ្លងដែនខុសច្បាប់ មានការស្នាក់នៅផុតកំណត់ទិដ្ឋាការ និងស្នាក់នៅបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបានបញ្ជូនទៅប្រទេសរបស់គេវិញមានចំនួន១២.០៨៨នាក់ ស្រី២.០៨៨នាក់ មាន៧៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមានចំនួន១០.១៣៩នាក់ ។
លោកបានឲ្យដឹងទៀតថា សម្រាប់រយៈពេល២ខែចាប់ពីខែមករាមកដល់ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន និងបញ្ជូនជនបរទេសឲ្យចេញពីប្រទេសកម្ពុជាមានចំនួន៤២៧នាក់ មាន២៤សញ្ជាតិក្នុងនោះជនជាតិវៀតណាមចំនួន៣៩០នាក់ ។
បើតាមរបាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០១៥កម្ពុជាបានឃាត់ខ្លួន និងបញ្ជូនជនបរទេសខុសច្បាប់ប្រមាណជិត៧ពាន់នាក់ និងឆ្នាំ២០១៦ ជនជាតិវៀតណាមជិត៣ពាន់នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ៕ ប្រាថ្នា