ភ្នំពេញ៖ គ្រូជំនាញបច្ចេកទេសរៀបចំការប្រកួតមកពីសហព័ន្ធទ្រីយ៉ាត្លុងអាស៊ី (ASTC) អ្នកស្រី Melody Tan ជនជាតិម៉ាឡេស៊ីដែលជាអគ្គលេខាធិការសហព័ន្ធ កីឡាទ្រីយ៉ាត្លុងអាស៊ី និងជាអ្នកទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីបានថ្លែងប្រាប់អ្នកព័ត៌មានក្រោយ បញ្ចប់វគ្គបណ្តុះបណ្តាលកាលពីល្ងាចថៃ្ងទី១ ខែមីនា ឆ្នាំ២០៧ថា ក្នុងចំណោមគ្រូ បង្វឹកកីឡាទ្រីយ៉ាត្លុងកម្ពុជាចំនួន២៨រូប មកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលវគ្គបច្ចេកទេសរៀបចំ កីឡាទ្រីយ៉ាត្លុងរយៈពេល២ថៃ្ងនេះ មានគ្រូប្រមាណជាពាក់កណ្តាលមានសមត្ថភាពអាចធ្វើជាមន្រ្តីបច្ចេកទេសបានក្នុងការចូល រួមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកស្រីបានបន្តថាគ្រូបច្ចេកទេសពាក់កណ្តាលនោះ ត្រូវតែស្វែងរកការបណ្តុះ បណ្តាលបន្ថែមទៀត ដូចជាការទៅចូលរួមរៀបចំការប្រកួតទ្រីយ៉ាត្លុងនៅក្រៅប្រទេសជាដើម ដើម្បីបំពេញបទពិសោធន៍ឈានដល់កម្រិតមន្ត្រីបច្ចេកទេសរៀបចំទ្រីយ៉ាត្លុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣បាន។
អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុខបញ្ញា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់តែទៅលើទ្រឹស្តី ប៉ុណ្ណោះ ពោលគឺមិនមានការ អនុវត្តនោះទេ។ នេះជាលើកទី១សម្រាប់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាដែលរៀចចំឲ្យមានវគ្គបណ្តុះបណ្តុះនេះ។
ពាក់ព័ន្ធទៅនឹងគោលបំណងនៃការរៀបចំលោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារូបនេះបានបញ្ជាក់ថា «យើង រៀបចំវគ្គនេះឡើង គឺដើម្បីបណ្តុះបណ្តាលមន្ត្រីរបស់យើងសម្រាប់ត្រៀមរៀបចំការប្រកួតនានា និងរៀបចំការប្រកួតជើងឯកថ្នាក់តំបន់ឲ្យស្របតាមបច្ចេកទេស។ ប៉ុន្តែបើយើងមិនមានវគ្គបណ្តុះបណ្តាលដល់ មន្ត្រីនោះទេ គឺយើងមិនដឹងថារៀបចំយ៉ាងណាឲ្យល្អនិងស្របតាមបច្ចេកទេសនោះឡើយ ។ ក្រោយរៀនចប់ខ្ញុំរំពឹងថា សមត្ថ ភាពមន្ត្រីរបស់យើងនឹងយល់ដឹងកាន់តែ ច្បាស់ពីកីឡាទ្រីយ៉ាត្លុងក៏ដូចជាបច្ចេកទេសនៃការរៀបចំទូទៅ និងការប្រកួត។ យើង សង្ឃឹមថា គាត់នឹងទទួលបាននូវចំណេះដឹងថ្មីៗពីគ្រូកូរ៉េ និងម៉ាឡេស៊ីដើម្បីអភិវឌ្ឍសមត្ថភាពរបស់គាត់»។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីបច្ចេកទេសកីឡាទ្រីយ៉ាត្លុងនេះ រៀបចំដោយ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោម គម្រោងថវិកាអភិវឌ្ឍន៍របស់សហព័ន្ធ កីឡាទ្រីយ៉ាត្លុងអាស៊ី (ASTC)៕ សារីម