ភ្នំពេញ៖ ម្ចាស់រថយន្តស៊េរីទំនើបម៉ាក់រថយន្ត Fort Ranger ស្លាកលេខ ភ្នំពេញ2AN-3591 ដែលជិះដេញតាមវាយរថយន្តឡិចស៊ីស RX-400 បែកកញ្ចក់ទាំងមុខទាំងក្រោយ និងចំហៀង ដោយគ្រាន់រឿងតែស៊ីផ្លេ ប្រាប់ជាសញ្ញា ខ្លាចប៉ះគ្នានោះ បានធ្វើឲ្យម្ចាស់រថយន្តបង្កខឹងជិះដេញតាមវាយមិនខ្លាចសមត្ថកិច្ច ត្រូវបានស្គាល់អត្តសញ្ញាណហើយ ប៉ុន្តែអ្វីដែលសំខាន់នោះគេចាំមើលថាតើស សមត្ថកិច្ចហ៊ានចាប់ម្ចាស់រថយន្តបង្កអត់?ហើយប្រជាពលរដ្ឋចាំមើលថា តើច្បាប់ធំជាង ឬក៏លុយធំជាងច្បាប់ ! ។
គួរបញ្ជាក់ផងដែរថា ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សី មុខមន្ទីរពេទ្យកុមាជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់មានប្រពន្ធនិងកូនតូចបានជិះរថយន្តមួយគ្រឿងឡិចស៊ីស RX-400 ពណ៌ស្ករ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AP-7576 មកពីកម្មវិធីបងប្អូននៅឯខេត្តកំពង់ស្ពឺ លុះជិះមកដល់ភ្នំពេញ ក៏ជិះតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងគោលបំណងទៅផ្ទះ ស្រាប់តែបើកមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះរថយន្តបង្កស៊េរីទំនើបម៉ាក់រថយន្ត Fort Ranger ស្លាកលេខ ភ្នំពេញ2AN-3591 បានបើកបញ្ច្រាសទិសគាត់យ៉ាងលឿន ដោយរូបគាត់ខ្លាចរថយន្តបង្កប៉ះរថយន្តរបស់ខ្លួន រូបគាត់ក៏បានស៊ីផ្លេ ប្រាប់ជាសញ្ញា ធ្វើឲ្យម្ចាស់រថយន្ត Ford ranger ខឹងក៏បើករថយន្តដេញតាមរថយន្ត របស់គាត់មកដល់លើស្ពានអាកាស៥មករា ក្នុងខណ្ឌទួលគោក ។
ជនរងគ្រោះ បានបន្តទៀតថា លុះពេលដែលរថយន្តបង្កម៉ាក់ Ford ranger ព្យាយាមបើកដេញតាមកៀររថយន្តគាត់ម៉ាក់ឡិចស៊ីស RX-400(ជនរងគ្រោះ) ដោយឃើញដូច្នេះរូបគាត់ខ្លាចមានរឿងក៏បានសុំទោសទៅម្ចាស់រថយន្តបង្ក( Ford ranger )ទាំងប្តីនឹងប្រពន្ធ ប៉ុន្តែម្ចាស់រថយន្តបង្កមិនព្រមអត់ទោសឲ្យ ក៏ទាញយកវត្ថុរឹងមកវាយទៅលើកញ្ចក់រថយន្តរបស់គាត់(ជនរងគ្រោះ) ទាំងកំរោល បណ្តាលឲ្យបែកចំហៀង រួចក៏ឡើងបើករថយន្តហួសទៅមុខតិចៗប្រុងគេចខ្លួន ។ ប៉ុន្តែរថយន្តរបស់ជនរងគ្រោះ មិនហ៊ានតបវិញទេ ព្រោះដោយសារមិនចង់មានរឿងវែងឆ្ងាយដោយសុខចិត្តបើកតាមពីក្រោយ ដើម្បីថតស្លាកលេខ តែប្រពន្ធគាត់ឃាត់ ព្រោះមិនចង់មានរឿង ដោយខ្លាចម្ចាស់រថយន្ត Ford ranger មានកាំភ្លើង មករករឿងពួកគាត់ម្តងទៀត ។ ទើបជនរងគ្រោះសម្រេចចិត្តបើករថយន្ត វ៉ាទៅមុនកុំឲ្យមានរឿងម្តងទៀត ស្រាប់តែម្ចាស់រថយន្តបង្កម៉ាក់ Ford ranger ព្យាយាមបើករថយន្តដេញតាម រថយន្តរបស់គាត់ពីក្រោយរហូតធ្វើឲ្យគាត់និងប្រពន្ធកូនភ័យ ព្យាយាមបើករថយន្តរកកន្លែងសមត្ថកិច្ចដើម្បីជួយអន្តរគមន៍ និងទីប្រជុំជនក៏ទៅឈប់ នៅចំណុចច្រកចូលខាងលិច ក្រសួងការពារជាតិ ផ្លូវលេខ ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ស្រាប់តែពេលនោះរថយន្តបង្ក( Ford ranger ) បើកមកកាក់ពីក្រោយរថយន្តរបស់គាត់ មិនឲ្យបើកចេញទៅណាទៀត រួចម្ចាស់រថយន្តបង្ក ចុះពីលើរថយន្តមានគ្នា២នាក់ ដោយយកដែកមួយមកវាយបំបែកកញ្ចក់រថយន្តរបស់គាត់(ជនរងគ្រោះ) ពីក្រោយនឹងជំហៀង បណ្តាលឲ្យបែកខ្ទេចតែម្តង រួចបើកគេចខ្លួនបាត់ស្រមោល រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល ខណ្ឌ៧មករា ចុះមកដល់កន្លែងកើតហេតុ បានត្រឹមតែជួបជនរងគ្រោះតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ហើយជនរងគ្រោះក៏បានបញ្ជាក់ពីដំណើររឿងជូនសមត្ថកិច្ច ហើយគាត់ថែមទាំងមានវីដេអូ កាមេរ៉ាសុវត្ថិភាព នៅក្នុងរថយន្តរបស់គាត់ដែលថតបានទាំងស្លាកលេខរថយន្ត Ford ranger រួមទាំងសកម្មភាពទាំងអស់ ដើម្បីជាភស្តុតាងបញ្ជាក់ថា គាត់ជាជនរងគ្រោះ ឬក៏ជនបង្ក រីឯសមត្ថកិច្ចក៏បានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវ នឹងតាមរកភាគីម្ខាងទៀត ឲ្យចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះ តាមនីតិវិធីច្បាប់ ។
លុះនៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតស្គាល់អត្តសញ្ញាណម្ចាស់រថយន្តបង្កហើយ នេះបើយោងតាមរយះឯកសារដែលបានចុះបញ្ជីគ្រប់គ្រងយានយន្ត នៅសាធារណការ រថយន្ត Fort Ranger Pick Up ពណ៌ស ឆ្នាំផលិត ២០១៧ ស្លាកលេខ 2AN-3591 ភ្នំពេញ មានម្ចាស់ឈ្មោះ Chea Theavy ជា ធាវី ភេទ ប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ ០១៨៤៣៧៩៣ ស្នាក់នៅផ្ទះលេខ ៤៨ ផ្លូវលេខ ២២៨ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ កាន់ទូរស័ព្ទលេខ ០៨៨៨២២០២៣០ បានចុះបញ្ជីប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ ៕ ដោយ ៖ស តារា