ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មRed Picture គឺរឿង”ផ្ទះសសរកណ្តាល” បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយបន្ទាប់ពិផលិតអស់ជាច្រើនខែ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេនផ្សារទំនើបស្ទឹងមានជ័យថ្មី ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ផលិតករជាច្រើនរូបចូលរួម។
រឿង”ផ្ទះសសរកណ្តាល”គឺជារឿងកំប្លែង និងភ័យរន្ធត់ដែលត្រូវបានចំណាយការផលិតប្រមាណ៣ខែ និងក្រោមទុនប្រមាណជាង៤ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ឌៀម សុវណ្ណារ៉ា ចាងហ្វាងផលិតកម្មRed Picture។ លោកបន្តថា ភាពយន្តនេះខុសប្លែកពីរឿងមុនៗដោយផលិតកម្មបានជម្រើសបានតារាសម្តែងថ្មីដែលមានសមត្ថភាពខ្ពស់មកសម្តែងជាមួយនឹងតារាជើងចាស់ជាច្រើន។ លោកថា រឿងនេះបានផុ្តល់ឱកាសច្រើនដល់តារាសម្តែងថ្មីដើម្បីទទួលបានការសម្តែងមួយកាន់តែល្អជាងមុន។ លោកថា រឿងនេះតម្រូវចិត្តមនុស្សគ្រប់វ័យ ពិសេសអ្នកនិយមភាពយន្តភ័យរន្ធត់ កំប្លែង និងមនោសញ្ចេតនា។
នាយ ពាក់ មី បញ្ជាក់ថា រឿងថ្មីនេះពិតជាចម្លែកអារម្មណ៍ដោយសារមានការផ្លាស់ប្តូររស់ជាតិសម្តែង ពិសេសតារាសម្តែងថ្មីដែលមានទេពកោសល្យ។ លោកថា ក្នុងរឿងនេះលោក ក៏ដូចជាងតារាសម្តែងល្បីជាច្រើនមិនមានសាច់រឿងច្រើនក្នុងការសម្តែងទេ ប៉ុន្តែជាភាពយន្តដែលសម្រិតសម្រាំង និងមានឈុតឆាកថ្មីៗគួរឲ្យចាប់អារម្មណ៍។
តំណាងនាយកដ្ឋានភាពយន្ត បានថ្លែងកោតសរសើរចំពោះផលិតកម្មRed Picture ដែលតែងតែព្យាយាមយកនូវអ្វីដែលថ្មីសម្រាប់បម្រើអារម្មណ៍ទស្សនិកជន។ លោកថា ក្រៅពីរឿងដែលមានគុណភាព ផលិតកម្មក៏បង្កប់នូវអត្ថន័យអប់រំ និងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ នៅក្នុងរឿងផងដែរ។ លោកជឿជាក់ដែរថា ផលិតកម្មនឹងបន្តរក្សាគោកជំហរផលិតភាពយន្តប្រកបដោយគុណភាពប្រកួតប្រជែងនេះ៕ វឌ្ឍនា