ខេត្តកណ្តាល៖ ផលិតកម្មឥន្ទ្រានិម្មិតបានប្រកាសចេញថតភាពយន្តថ្មីរឿង”សសរកន្លោង”របស់ខ្លួនហើយដោយបូករួមបន្ថែមទាំងកម្មវិធីចែកអំណោយដល់ជនទីទលក្រជាច្រើននាក់នៅតំបន់វិហ៊ាសួគ៌។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៧នេះ នាទឹកដីវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានតារាសម្តែង ថៅកែផលិតកម្ម ផលិតករ និងតារាមួយចំនួនទៀត។
បន្ទាប់ពីបានទទួលជោគជ័យខ្លាំងក្នុងរឿងទី១ «កំណត់ហេតុនាងនាថ»ផលិតកម្មឥន្ទ្រានិម្មិតបានប្រកាសចេញថតភាពយន្តទីពីររបស់ខ្លួនដែលទស្សនិកជនកំពុងទន្ទឹងរងចាំទស្សនា។
អ្នកស្រីចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិតបាននាំតារា និងក្រុមការងាររបស់ផលិតកម្មឥន្រ្ទានិម្មិតនៅលើតំបន់សាកសិទ្ធិរបស់វត្តវិហារសួគ៌ ព្រោះរំពឹងថា បារមីនៅវត្តវិហារសួគ៌ និងជួយឃុំគ្រងថែរក្សាសិល្បករ និងក្រុមការងារឲ្យបានសេចក្តីសុខក្នុងការថតរឿងថ្មីនេះ ឲ្យទទួលបានជោគជ័យ និងដឹងគុណបារមីវត្តវិហារសួគ៌ដែលជាវត្តមួយមានភាពល្បីល្បាញចំពោះប្រជាជនកម្ពុជាផងដែរ។ អ្នកស្រីបន្តថា កម្មវិធីនេះក៏ភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ ដោយការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងតំបន់នេះជាង១០០នាក់ផងដែរ។ អ្នកស្រីបញ្ជាក់ថា ផលិតកម្មចង់ចូលរួមចំណែកខ្លះចូលរួមការងារសង្គម ដែលមិនត្រឹមតែជាការជួយលើកតម្កើងសិល្បៈភាពយន្តខ្មែរតែមួយមុខនោះទេ។ អ្នកស្រីថា វិហាសួគ៌ជាទឹកដីស័ក្កិសិទ្ធិ ហើយមានឈុតឆាកជាច្រើននៅក្នុងរឿង”សសរកម្លោង”នេះក៏នឹងថតនៅលើទឹកដីខេត្តកណ្តាលផងដែរ។ អ្នកស្រីថាភាពយន្តទី២របស់ផលិតកម្មឥន្ទ្រានិម្មិតនឹងត្រូវបានសម្រិតសម្រាំងកាន់តែខ្លាំងជាងរឿង”កំណត់ហេតុនាងនាថ” បើទោះបីជារឿងទី១ទទួលបានការគាំទ្រច្រើនលើសលប់ក៏ដោយគឺផលិតកម្មនឹងស្វែងរកអ្វីដែលថ្មីមិនធ្លាប់មានបង្ហាញអ្នកគាំទ្រ និងមិនឲ្យពួកគាត់អស់សង្ឃឹមនោះទេ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង”សសរកម្លោង”នឹងចាប់ផ្តើមធ្វើការផលិតចាប់ពីថ្ងៃទី៦ខែមីនាឆ្នាំ២០១៧នេះដោយត្រូវចំណាយពេលថតប្រមាណជិតមួយខែ និងត្រូវប្រើប្រាស់ដើមទុនច្រើនជាង៨ម៉ឺនដុល្លារអាមេរិក។ តារាសម្តែងនៅក្នុងរឿងនេះមានកញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោក ភីម៉ៃ អ្នកនាងម៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី និងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជាFeshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាត សង្ហា និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ៕ វឌ្ឍនា