ភ្នំពេញ៖ នារីម្នាក់ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរស័ព្ទដៃម៉ាក iPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាពខណៈរូបនាងជាមួយនិងមិត្តប្រុសបាននាំគ្នាទៅរាំលេងនៅក្នុងក្លឹបAvalonដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារីហើយទាស់សម្ដីគ្នាជាមួយមិត្តប្រុសតិចតួចហើយដើរចេញទៅវិញតែម្នាក់ឯង។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ និង៣៥នាទីទៀបភ្លឺឈានចូល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី ក្បែរក្រសួងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តប្រុសបាននាំគ្នាចូលទៅរាំលេងកម្សាន្តនៅក្នុងក្លឹប Avalonដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារី លុះដល់យប់ជ្រៅបន្តិចក៏ មានការទាស់សម្ដីគ្នាបន្តិចបន្តួចជាមួយមិត្តប្រុសរបស់នាងធ្វើឲ្យនារីរងគ្រោះអន់ចិត្ត ក៏បានចេញមកខាងក្រៅក្លឹបមុន ហើយដើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ីតែម្នាក់ឯង ពេលនោះស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានគ្នា៤នាក់បានមកស្ទាក់ គំរាមប្លន់ នារីរងគ្រោះឲ្យដោះកងដៃ ខ្សែរកឲ្យពួកគេ ដោយនារីរងគ្រោះមិនព្រមឲ្យជនសង្ស័យនោះ ក៏ឆក់ទាញកាបូបរបស់នាង ដែលមានទូរស័ព្ទiPhone6 ១គ្រឿង រួមទាំងលុយ៣០០ដុល្លារទៀតនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពីកើតហេតុ នារីរងគ្រោះបានត្រឹមឈរយំម្នាក់ឯងស្តាយរបស់ដែលត្រូវចោរប្លន់យកទៅបាត់ ហើយពេលនោះក៏មានបុរសម្នាក់ បានអះអាងថាខ្លួនជាមិត្តប្រុសក៏លួងលោមនារីគ្រោះឲ្យជិះម៉ូតូឌុបត្រឡប់ទៅផ្ទះរបស់គេវិញ ដោយមិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ។ ចំណែកឯសមត្ថកិច្ចវិញទោះជាមានប្រជាពលរដ្ឋម្តុំនោះរាយការណ៍ទៅប្រាប់ដើម្បីចុះមកសួរនាំក្នុងរឿងនេះ ក៏មិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកនោះដែរ។
គួរបញ្ជាកដែរថា កន្លងមកមានករណីឆក់ ប្លន់ លួច គាស់ផ្ទះយកទ្រព្យសម្បត្តិជាញិកញាប់គេមិនដែលឃើញសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបង្ក្រាបមួយករណីណានោះទេប្រជាពលរដ្ឋបានរិះគន់ថា សង្ស័យលោកនាយប៉ុស្តិ៍អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសផងក៏មិនដឹង៕ តុង សីហា
...