ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញដល់មុខផ្ទះទៅហើយត្រូវចោភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហាន ឆ័ត្រយោង(៩១១ ) ក្នុងភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះតុន គារ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មររោងចក្ររស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DO-9066។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារកំបូលដើម្បីទិញម្ហូប លុះពេលទិញហើយគាត់បានត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកជិតដល់ផ្ទះគាត់ក៏សេញ៉ូបម្រុងនឹងបត់ចូលផ្ទះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមឲ្យគាត់ឈប់ហើយម្នាក់ជិះក្រោយបានយកកាំភ្លើងខ្លីមកភ្ជង់ថែមទាំងខ្សឹបថា «កុំមាត់ តែហ៊ានស្រែកបាញ់ឥឡូវហ្នឹង ហើយម្នាក់ដែលកាន់កាំភ្លើងបានយកសោពីគាត់ជិះចេញទៅទាំង២នាក់បាត់។
តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែក្មេង អាយុប្រហែល២០ឆ្នាំតិចតួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលកំបូលដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់៕ សុខា សែនជ័យ
...