ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពជាអ្នករត់រ៉ឺម៉កត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក៥កញ្ចប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១៤ ត្រង់ចំណុចស្ពានដែក ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះប៉ា ភុក ហៅប្រុក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥កញ្ចប់ ,រ៉ឺម៉កម៉ូតូ១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានសមត្ថកិច្ចនគរបាលកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការណ៍ថា នៅលើខ្លួនជនសង្ស័យមានរក្សាផ្ទុកគ្រឿងញៀន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យកំពុងបើករ៉ឺម៉កម៉ូតូតាមដងផ្លូវ ទើបសមត្ថកិច្ចហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ស្អាងជ័យ