ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈ ការប្រកួតកីឡា និងការតាំងពិព័រណ៌ទ្រង់ទ្រាយធំ បានប្រកាសបើកដំណើរការជាផ្លូវការហើយ។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅលើទឹកដីនៃឃុំវិហារសួគ៌ ខេត្តកណ្តាល ក្រោមវត្តមានមន្ត្រីខេត្តកណ្តាល ប្រធានចនាយុវជនកម្ពុជា សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏ធំគឺពិធីបុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជននឹងត្រូវធ្វើចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខ នៅលើទឹកដីនៃឃុំវិហារសួគ៌ ខេត្តកណ្តាល។ ព្រឹត្តិការណ៍ធំមិនធ្លាប់មានដែលមានទាំងការតាំងពិព័រណ៌ប្រគុំតន្ត្រី ប្រកួតសិល្បៈ និងលេងកីឡាជាច្រើនប្រភេទដែលគេរំពឹងថា អាចស្រូបទាញអ្នកចូលរួមរាប់ម៉ឺននាក់។
លោកឧកញ៉ា ស្រី ចាន់ថន ដែលជាអ្នកផ្តួចផ្តើមកម្មវិធីបុណ្យនេះបានមានប្រសាសន៍ថា កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០,១១និងទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខ ដែលរូបលោកជាអ្នកផ្តល់ទីតាំងនិងថវិកាផ្ទាល់ព្រមទាំងគំនិតយោបល់ក្នុងការរៀបចំ។ លោកឧកញ៉ាបញ្ជាក់ថា កម្មវិធីនេះបានធ្វើឡើងក្នុងតំបន់ស្កាយឡេន ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលនឹងត្រូវរៀបចំឡើងនូវផ្ទាំងទស្សនីយភាពជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងនោះផ្ទាំងទស្សនីយភាពសិល្បៈមានរៀបចំសម្តែងល្ខោនបាសាក់ ល្ខោនយីកេនិងល្ខោននិយាយជាដើម។ ក្រៅពីនេះមានកម្មវិធីប្រគំតន្រ្តីសម័យ និងកំប្លែងជាដើមដែលមានតារាល្បីៗចូលរួមសម្តែងចែកជូនប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានេះកម្មវិធីក៏នឹងបង្កើតកម្មវិធីប្រកួតប្រភេទកីឡាជាច្រើនប្រភេទគឺកីឡាប្រដាល់ក្បាច់គុណខ្មែរដណ្តើមខ្សែក្រវ៉ាត់ ការប្រណាំងក្របី ការបោកចំបាប់ ការប្រណាំងសេះ បង្ហោះម៉ូតូ កីឡាបាល់ទាត់ ការរត់ប្រណាំង ការលោតកម្ពស់ និងការហក់ប្រវែង។
ក្រៅពីនេះមានការបោះតង់ជំរុំដោយកំណត់ពីចំនួន១០០តង់ទៅ២០០តង់ដោយយើងបានបង្កើតជាក្រុមយុវជននិងយប់ឡើងបានបង្កើតកម្មវិធីពាក់ព័ន្ធនិងវិស័យទេសចរណ៍ ការឡើងនិយាយ ការឡើងសម្តែង និងនិយាយពីសុវត្ថិភាពចរាចរណ៍ និងបរិស្ថានជាដើម ព្រមទាំងមានការតាំងពិព័រណ៌មួយចំនួនទាំងខ្មែរនិងថៃអាចទិញទំនិញនៅទីនោះ។
លោកឧកញ៉ារំពឹងថា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជាការកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរទេ គឺវាជាព្រឹត្តិការណ៍ដែលអាចចូលរួមចំណែកលើកកម្ពស់វិស័យកីឡាសិល្បៈវប្បធម៌ជាតិផងដែរ ៕ វឌ្ឍនា