ប្រភពពីប្រជានេសាទខ្មែរក្នុងខេត្តកែប និងខេត្តកំពតបានឲ្យដឹងថា ការដែលជន ជាតិវៀតណាមអាចយកទូករាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនាពេលកន្លងមក និងបច្ចុប្បន្នគឺជាប់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយជាច្រើនស្ថាប័នទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពខ្លះទៀតបានឲ្យដឹងថា ដែន សមុទ្រខេត្តកែបនិងខេត្តកំពតស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ដែលជាមេនគរបាលជើងទឹកប្រចាំតំបន់នេះ ដូច្នេះលោក ទូច ពលៈ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងរឿងដែលជនជាតិវៀតណាមចូលមកធ្វើសកម្ម ភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ។ ដោយហេតុថាបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ទេនោះគឺទូកនេសាទរាប់រយគ្រឿងរបស់វៀតណាម មិនអាចចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងសមុទ្រខ្មែរបានឡើយ ។
សមត្ថកិច្ចតូចតាចក្នុងខេត្តកែប និងខេត្តកំពតក៏បានឲ្យដឹងដែរថា នៅក្នុងដែន សមុទ្រនៃខេត្តទាំង២នេះមិនត្រឹមតែកើតមានករណីទូកនេសាទវៀតណាមចូលមកធ្វើសកម្មភាពខុសច្បាប់ ប៉ុណ្ណោះទេថែមទាំងមានករណីឈ្មួញនាំចូលទំនិញនិងប្រេង សាំងគេចពន្ធយ៉ាងពេញបន្ទុកផងដែរ។ ឈ្មួញដែលនាំចូលទំនិញនិងប្រេងសាំងគេចពន្ធសុទ្ធតែមានការឃុបឃិតផ្តល់ផលប្រយោជន៍ឲ្យលោក ទូច ពលៈ ទើបអាចធ្វើអ្វីៗបានតាមអំពើចិត្តហើយស្នងការនគរបាលខេត្តកែប និងស្នងការនគរបាលខេត្តកំពត ក៏ជាប់ពាក់ព័ន្ធផលប្រយោជន៍នេះដែរទើបរក្សាសភាពស្ងៀមស្ងាត់បានយ៉ាងល្អ បែបនេះ ។
មន្ត្រីរាជការក្នុងខេត្តកែប និងខេត្តកំពតក៏បានឲ្យដឹងដែរថា លោក ទូច ពលៈ មេ នគរបាលជើងទឹកប្រចាំតំបន់ដែនសមុទ្រខេត្តទាំង២នេះកំពុងសុខស្រួលក្នុងការប្រមូល លុយពីការបើកដៃឲ្យជនជាតិយួនចូលមកនេសាទក្នុងដែនសមុទ្រខ្មែរក៏ដូចជាប្រមូលលុយពីឈ្មួញនាំចូលទំនិញនិងប្រេងសាំងចូលតាមដែនសមុទ្រ។ សមត្ថកិច្ចនគរបាលតូចតាចក្នុងខេត្តកំពតបានបង្ហើបឲ្យដឹងថា លោក ទូច ពលៈ មានខ្នងបង្អែកយ៉ាងរឹងមាំហើយអភិបាលខេត្តកែប និងអភិបាលខេត្តកំពតមិនហ៊ានក្អកជាមួយលោក ទូច ពលៈ ទេគឺបណ្តោយឲ្យលោក ទូច ពលៈ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងថ្មីៗកន្លងទៅនេះប្រជានេសាទក្នុងសង្កាត់ត្រីយកោះ ក្រុងកំពតបានលើកគ្នាយ៉ាងច្រើនមកតវ៉ាមុខ សាលាខេត្តកំពតដើម្បីឲ្យអាជ្ញាធរខេត្តជួយទប់ស្កាត់ករណីជនជាតិយួនចូលមកនេសាទ ក្នុងដែនសមុទ្រខ្មែរ។ ប៉ុន្តែលោក ចាន់ ចេស្តា អភិបាលខេត្តកំពតពុំមានលទ្ធភាពដោះស្រាយតាមសំណូមពររបស់ប្រជានេសាទឡើយ ៕