ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សហព័ន្ធកីឡាទូកក្ដោង កម្ពុជាបានបញ្ជូនកីឡាករឆ្នើម២រូបចេញ ដំណើរទៅហ្វឹកហាត់បច្ចេកទេសទូកក្ដោងនៅកោះហៃណានប្រទេសចិនដែលនឹងហ្វឹកហាត់រយៈពេល២ខែគិតចាប់ពីថ្ងៃទី១៤ ខែមីនាដល់ខែឧសភា ឆ្នាំ២០១៧ ។
ដោយមានកិច្ចសហការយ៉ាងល្អពី សំណាក់លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេ បញ្ជាការប្រចាំការនៅមូលដ្ឋានសមុទ្ររាម សហព័ន្ធកីឡាទូកក្ដោងកម្ពុជាជ្រើសរើសបានកីឡាករដែលមានទេពកោសល្យចំនួន២រូបដែលសុទ្ធតែជាកូនរបស់នាវិកជើងទឹកប្រចាំការក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលនឹងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិនក្នុងខែនេះ ។
លើសពីនេះក្រោមការឧបត្ថម្ភទាំងស្រុងផ្នែកថវិការបស់លោក ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ក្រោមកិច្ចសម្របសម្រួលដ៍ល្អរបស់លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូក ក្ដោងកម្ពុជាបានធ្វើឲ្យសហព័ន្ធមានដំណើរការរីកចម្រើនឡើងប្រកបដោយប្រសិទ្ធភាពថែមទាំងបានពង្រឹងសមត្ថភាពកីឡាករ កម្ពុជាឲ្យបានល្អប្រសើរក្នុងទិសដៅដើម្បីចូលរួមប្រកួតជើងឯកកីឡាទូកក្ដោងពិភពលោក ដែលនឹងធ្វើឡើងនៅ ខេត្តហយអាន់ ប្រទេសវៀតណាមចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ ការហ្វឹកហាត់នេះក៏ដូចជាការត្រៀមរៀបចំខ្លួន សម្រាប់ចូលរួមប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាខែសីហា ឆ្នាំ២១០៧ និងត្រៀមលក្ខណៈក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាទូក ក្ដោង Windsurfing ប្រភេទ U16 RS-one សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានរៀបចំឲ្យកីឡាករវ័យ១៤ឆ្នាំ២រូប គឺកីឡាករ ហៀង ស៊ុនហេង និងកីឡារ សូត្រ មេសា ហើយចំពោះវិញ្ញាសាទូកក្ដោងប្រភេទ Laser 470 មានកីឡាករ ឌុច បវរប៊ុនធឿន វ័យ៣១ ឆ្នាំ ចូលរួមផងដែរ ៕ សារីម













