ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ថៃដ៏ល្បីគឺទូរទស្សន៍ TNN 24h បានធ្វើការប្រកាសចេញមុខជួយកែទម្រង់ការផ្សាយរបស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅកម្ពុជា ឲ្យកាន់តែប្រសើរនិងស្ថិតក្នុងការប្រកួត ប្រជែងខ្ពស់មួយនៅកម្ពុជា។ ការប្រកាសនេះត្រូវបានធ្វើឡើក្នុងវេទិកាសន្និសីទពីការចុះអនុស្សរណៈមួយកាលពីព្រឹកថ្ងៃទី១៥ ខែមីនា នៅសណ្ឋាគារសូហ្វីតែលក្រោមវត្ត មានមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងតំណាងភាគីនៃស្ថានីយទូរទស្សន៍ទាំងពីរ ។
ប៉ុស្តិ៍លេខ៥នឹងត្រូវបានធ្វើការកែទម្រង់កម្មវិធីរបស់ខ្លួនតាមរយ:ការចុះអនុស្សរណ: ផ្លូវការជាមួយទូរទស្សន៍ល្បីរបស់ថៃឈ្មោះ TNN 24hខាងលើនេះ។ ផ្អែកតាមMOU នេះ ប៉ុស្ដិ៍លេខ៥នឹងត្រូវបានដាក់បញ្ចូល កម្មវិធីថ្មីជាច្រើនដោយក្រៅពីកម្មវិធីកម្សាន្ត ក៏នឹងធ្វើឲ្យក្លាយជាប៉ុស្ដិ៍ដែលមានព័ត៌មានប្រកួតប្រជែង ដោយមានកម្មវិធីវប្បធម៌ កីឡា និងកម្មវិធីស្រាវជ្រាវផ្សេងទៀតដែលជាប្រយោជន៍ដល់អ្នកទស្សនានៅកម្ពុជា ។
លោក នាង ផាត រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាអគ្គនាយកប៉ុស្ដិ៍លេខ៥ បានថ្លែងក្នុងពិធីចុះហត្ថលេខាទ្វេភាគី នោះថា ក្រៅពីកម្មវិធីកម្សាន្តប៉ុស្ដិ៍លេខ៥ សម្រេចចិត្តកែទម្រង់ឲ្យក្លាយជាប៉ុស្ដិ៍ព័ត៌ មានឈានមុខគេមួយ ដោយមានទាំងការ ផលិតកម្មវិធីកីឡា កម្មវិធីអប់រំ និងកម្មវិធី វប្បធម៌ល្អៗ ដើម្បីបម្រើឲ្យជនជាតិកម្ពុជា ទើបប៉ុស្ដិ៍លេខ៥សម្រេចចិត្តចាប់ដៃរយ:ពេល២ឆ្នាំជាមួយទូរទស្សន៍TNN របស់ថៃដែលជាប៉ុស្ដិ៍ល្បីឈ្មោះខាងផលិតកម្មវិធីព័ត៌មានផលិតកម្មវិធីកីឡា ផលិតកម្មវិធីវប្បធម៌អប់រំនៅក្នុងប្រទេសថៃ ។ យ៉ាងណាមិញ លោកបដិសេធថា ប៉ុស្ដិ៍លេខ៥មិនយក កម្មវិធីទាំងស្រុងរបស់ទូរទស្សន៍ TNN មក ផ្សាយក្រោយ MOU នេះទេ គឺគ្រាន់តែតម្រូវឲ្យក្រុមការងារប៉ុស្ដិ៍ TNN ជួយផលិតកម្មវិធីព័ត៌មានកម្មវិធីកីឡាកម្មវិធីវប្បធម៌និងកម្មវិធីអប់រំឲ្យប៉ុស្ដិ៍លេខ៥ដើម្បីបម្រើឲ្យសង្គមកម្ពុជាប៉ុណ្ណោះ ។
អ្នកគ្រប់គ្រងទូទៅប្រចាំប៉ុស្ដិ៍លេខ៥លោក Supachai Verapuchong បាន អះអាងថា ស្ថាប័នរបស់លោក MOU រយ: ពេល២ឆ្នាំជាមួយប៉ុស្ដិ៍ TNN របស់ថៃ ក្នុងគោលបំណងធ្វើឲ្យប៉ុស្ដិ៍លេខ៥ប្រែក្លាយពីប៉ុស្ដិ៍ដែលមានតែកម្មវិធីរឿងភាគខ្មែរ និង ថៃឲ្យក្លាយជាប៉ុស្ដិ៍ព័ត៌មានជាប៉ុស្ដិ៍មានកម្មវិធីកីឡាកម្មវិធីវប្បធម៌ និងកម្មវិធីអប់រំល្អៗ ដែលនិយាយពីសង្គមកម្ពុជាហើយមាន ប្រយោជន៍ដល់អ្នកទស្សនា។ ក្នុងនោះក៏ គ្រោងទិញកម្មវិធីល្អៗពីបរទេស មកផលិតសម្រាប់ប៉ុស្ដិ៍ដូចគ្នាននឹងប៉ុស្ដិ៍ផ្សេងទៀត ទិញកម្មវិធី Cambodian Idol ឬ The Voice យកមកផលិតនៅក្នុងស្រុកដូច្នេះដែរ។ លោកថាក្រោយចាប់ដៃជាមួយTNN ប៉ុស្ដិ៍ លេខ៥ នឹងចាប់ដៃជាមួយប៉ុស្ដិ៍ខ្លាំងៗផ្សេងទៀតរបស់ថៃ ដើម្បីផលិតកម្មវិធីល្អៗជូនទស្សនិកជនទស្សនា ៕ វឌ្ឍនា















