ភ្នំពេញ ៖ បុរសម្នាក់ត្រូវម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍និងឃាត់ខ្លួនខណៈរូបគេបានផឹកសុីស្រវឹងហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី២០ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសដែលឃាត់ខ្លួននោះមានឈ្មោះ ខៀវ វិច្ឆិកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែកម្តាយមានឈ្មោះ ខៀវ សំអឿន អាយុ៦៩ ឆ្នាំ មុខរបរអនាម័យក្នុងរោងចក្រ ស្នាក់ផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាតទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្ដីរបស់ម្ដាយ បានប្រាប់ថាមុនពេលកើតហេតុកូនប្រុសរបស់គាត់ថ្ងៃនេះគឺមិនបានទៅធ្វើការនោះទេហើយក្រោយមកកូនរបស់គាត់បានទិញស្រាយកមកផឹកក្នុងផ្ទះរហូតស្រវឹងលែងដឹងអីហើយក៍ចាប់ផ្ដើមវៃរបស់របរក្នុងផ្ទះខ្ទេចគ្មានសល់ គាត់បន្តទៀតថាកូនប្រុសរបស់គាត់គឺអោយតែផឹកស្រវឹងដឹងតែវៃកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះរហូតជាច្រើនលើកច្រើនសារហើយ នេះជាទំលាប់អាក្រក់របស់កូនប្រុសរបស់គាត់នេះគឺមានរយះពេលមួយឆ្នាំមកហើយ តែកន្លងមកមិនសូវធ្ងន់ធ្ងរដូចនេះហើយដោយសារតែគាត់ខ្លាចពាក្យគំរាមរបស់កូនគាត់ថានិងដុតផ្ទះចោលទើបគាត់រត់ទៅហៅសមត្ថកិច្ចដែលនៅប្រចាំការនៅក្បែរនោះអោយចុះមកឃាត់ខ្លួនកូនប្រុសម្នាក់នេះយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។
គួរបញ្ជាក់ថាអាកប្បកិរិយារបស់ជនបង្កម្នាក់នេះពេលមកដល់ប៉ុស្ដិ៍នគរបាលហើយគឺមានចរិកកោងកាចមិនខ្កាចសមត្ថកិច្ចសោះឡើយហើយថែមទាំងស្រែកជេរម្ដាយនិងហៅម្ដាយរបស់ខ្លួនថាមីទៀតផង ក្រោយពីធ្វើការសាកសួរររួចមកជនបង្កខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា














