ភ្នំពេញ ៖ ប្រជាពលរដ្ឋខណ្ឌសែនសុខបានបង្ហាញការព្រួយបារម្ភចំពោះបទល្មើសលួច ឆក់ និងប្លន់បន្តកើតមាន ច្រើនជាហូរហែរ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មកក្រើកទូទាំងខណ្ឌ ជាពិសេសក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លាតែម្តង ។ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធខណ្ឌនិងប៉ុស្តិ៍ទាំង៤ ពោលគឺចាប់ជនសង្ស័យទាំងនោះអត់បាន ។
ក្តីព្រួយបារម្ភនេះ ដោយសារក្នុងរយៈពេលចុងក្រោយនេះមានករណីក្រុមជនល្មើស បានធ្វើសកម្មភាពយ៉ាងសកម្មកក្រើកមិនញញឺតសមត្ថកិច្ចសោះ ។ ករណីចោរឆក់ និងកាច់ក ម៉ូតូវិញ កើតឡើងក្នុងមួយថ្ងៃ២ដងក៏មាន ជនសង្ស័យបន្តធ្វើសកម្មភាពជាប់ៗគ្នាទៀតផង ហើយជនល្មើសអាចគេចខ្លួនដោយសុវត្ថិភាព។
ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG-8447 ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោរក យកទៅបាត់ទាំងកណ្តាលថ្ងៃត្រង់ នៅចំណុច ភូមិក្រុងថ្មី (ធុងកៅស៊ូ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីជនរងគ្រោះឈ្មោះ ជុំ សារ៉េត ភេទប្រុស ស្នាក់នៅទីតាំងកើតហេតុខាងលើបានប្រាប់ថា នៅមុនពេល កើតហេតុគាត់បានទុកម៉ូតូនៅមុខផ្ទះដោយចាក់សោរកត្រឹមត្រូវ បន្តិចក្រោយមកគាត់ឃើញបុរសម្នាក់បានដើរ សំដៅទៅមុខផ្ទះគាត់ គាត់ក៍បានស្រែកសួរថា រកអី? មកៗហូបបាយជាគ្នា? ស្រាប់តែជនសង្ស័យបានយកឧបករណ៍បុកផ្តាច់សោរក ជិះគេចខ្លួនយ៉ាងលឿន ហើយគាត់ក៍ស្រែកអោយមានការផ្អើល ឆោរឡោរដល់អ្នកភូមិជួយដេញចាប់ តែចាប់មិនបានព្រោះជនសង្ស័យបើកម៉ូតូលឿនដូចហោះ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៩ មិនា ឆ្នាំ ២០១៧ ម្សិលម៉ិញ ក៍មានករណីចោរឆក់ ទូរស័ព្ទ iphone 6 មួយគ្រឿង ពីនារីរងគ្រោះម្នាក់បានសម្រេចផងដែរ នៅលើកំណាត់ផ្លូវ ១០០៧ ក្រុម៩សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពអោយដឹងថា ជនសង្ស័យ ជិះម៉ូតូ ម៉ាក ហុនដា ឆ្នាំ 2012 ពាក់ស្លាកលេខ កំពុងចាម 4484 ។
តាមរបាយណ៍ត្រួសៗស្តីពីសកម្មភាពបទល្មើស លួច ឆក់ ប្លន់ នៅដើមឆ្នាំ ២០១៧ កើនឡើងប្រមាណជាជាង ១៥លើក ក្នុងនោះសមត្ថកិច្ចធ្វើការបង្ក្រាបចោរឆក់ ២លើកប៉ុណ្ណោះ។
ប្រជាពលរដ្ឋលើកឡើងថា កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ឃើញមានដាក់ពង្រាយនៅតាមផ្លូវមួយចំនួនដែរ ប៉ុន្តែហេតុអ្វីជនល្មើសធ្វើសកម្មភាព លួច ប្លន់ និងឆក់កាបូបជាដើម សមត្ថកិច្ចចាប់ជនបង្កមកផ្ដន្ទាទោសមិនបានទៅវិញ។
ពួកគាត់បន្តថា បទល្មើស លួច ឆក់ ប្លន់កក្រើកក្នុងខណ្ឌជាប់ៗគ្នាបែបនេះ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសំបែងនៅខណ្ឌសែនសុខទាំងមូល ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចាប់ជនល្មើសយកមកផ្ដន្ទាទោសបាននៅឡើយទេ៖ «អាជ្ញាធរគួរពង្រឹងនូវសន្តិសុខបន្ថែមទៀត ពីព្រោះបទល្មើសដែលកើតឡើង គឺឃើញស្ដែងៗ ហើយចាប់ជនបង្កមិនបាននេះ គឺមានការសោកស្ដាយមែនទែន។ ករណីប្លន់ ឆក់កាបូប និងចោរកាច់កម៉ូតូនាខណ្ឌសែនសុខ បានបន្តកើតមានជាច្រើនករណីនៅចុងឆមាសទី១ ឆ្នាំ២០១៧ នេះ។ ហើយសមត្ថកិច្ចចាប់ជនល្មើសមកផ្ដន្ទាទោសមិនទាន់បានទេ ពិសេស ករណីចោរប្លន់ និង កាច់ក ម៉ូតូ»។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខ ត្រូវប្រុងប្រយ័ត្នសម្ភារៈនៅជាប់ខ្លួនឲ្យបានខ្ពស់ ព្រោះបើមិនដូច្នេះទេ នឹងត្រូវបាត់បង់ ដោយក្រុមចោរឆក់កាបូប ជាដើម។ ពួកគាត់ថាសព្វថ្ងៃក្រុមចោរឆក់កាបូបហ៊ានធ្វើសកម្មភាពបើកទ្វាររថយន្តយកសម្ភារៈ និងឆក់កាបូបតាមដងផ្លូវ ហើយកើតមានច្រើនករណីមកហើយ។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋចោទថា បទល្មើសចោរលួចកាច់កម៉ូតូ ឆក់ ពិសេសករណីប្លន់ម៉ូតូ និងឆក់កាបូប កក្រើកជាប់ៗគ្នា នៅខណ្ឌសែនសុខអាចបណ្ដាលមកពីបទល្មើសល្បែងភ្នាល់កើតមានអនាធិបតេយ្យ ហើយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ នេះគ្មានវិធានការបង្ក្រាបទេ។ បទល្មើសល្បែងស៊ីសងទាំងនោះ មានដូចជា ទីតាំងជល់មាន់ ចាក់កន្ទុយលេខ និងល្បែងភ្នាល់បាល់ ជាដើម បានកើតមានរីកដូចផ្សិត និងមានបុគ្គលជាកម្លាំងសមត្ថកិច្ចមួយចំនួនក្នុងមូលដ្ឋានខណ្ឌមួយនេះ ជាអ្នកកាងការពារទីតាំងល្បែងស៊ីសងទាំងនោះ ជាថ្នូរទទួលបានសំណូកលុយកាក់ប្រចាំថ្ងៃ និងប្រចាំខែ ជាដើម ទើបកម្លាំងសមត្ថកិច្ចគ្មានវិធានការបង្ក្រាបមកដល់ពេលនេះ ៕ តុង សីហា












