ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ ក្លិបReal Madrid បានទទួលពានរង្វាន់ កីឡាករឆ្នើមរបស់ប្រទេសព័រទុយហ្គាល់កាលពីរាត្រីថ្ងៃចន្ទ ទី២០ ខែមីនានៅក្នុង កម្មវិធីប្រចាំឆ្នាំពានរង្វាន់ Gala Quinas de Ouro ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង Lisbon ។
កីឡាករវ័យ៣២ឆ្នាំ Ronaldo បានយក ឈ្នះមិត្តរួមក្រុម Pepe និងអ្នកចាំទី Rui Patricio របស់ក្លិប Sporting Lisbon ដើម្បីទទួលបានពានរង្វាន់កីឡាករឆ្នើមរបស់ ព័រទុយហ្គាល់ប្រចាំឆ្នាំ២០១៦ ។
ជោគជ័យធំៗដែលនាំឲ្យ Ronaldo ត្រូវបានផ្តល់កិត្តិយសនៅក្នុងស្រុកកំណើត របស់ខ្លួននោះគឺគាត់បានឈ្នះជើងឯក Champions League ជាមួយនឹងក្លិប Real Madrid ហើយឈ្នះពានយូរ៉ូឆ្នាំ២០១៦ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់។
មុនឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ ព័រទុយហ្គាល់ឆ្នាំ២០១៦នេះ Cristiano Ronaldo បានឈ្នះពានរង្វាន់ធំៗ២ទៅ ហើយគឺ Ballon d’Or និង FIFA Best កាលពីឆ្នាំមុន ។
អតីតកីឡាករក្លិបបិសាចក្រហម Manchester United រូបនេះបានថ្លែងនៅក្នុង ពិធីប្រគល់ពានរង្វាន់ថា “២០១៦ ជាឆ្នាំ ដ៏ពិសេសសម្រាប់ខ្ញុំ ព្រោះយូរ៉ូជាពានរង្វាន់ ដែលខ្ញុំមិនដែលឈ្នះ។ ខ្ញុំចង់អរគុណ ដល់ប្រជាជនព័រទុយហ្គាល់ទាំងអស់ម្តងទៀត។ ពួកគេបានជួយឲ្យយើងមានទំនុក ចិត្តដើម្បីអាចលើកពានរង្វាន់ ។ ខ្ញុំសូម អរគុណដល់មិត្តរួមក្រុម Real Madrid មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់គ្រូបង្វឹក បុគ្គលិក និងអ្នកគាំទ្រទាំងអស់” ។
នៅថ្ងៃជាមួយគ្នានោះកីឡាករ Renato Sanches របស់ក្លិប Bayern Munich ក៏បាន ទទួលពានរង្វាន់កីឡាករឆ្នើមអាយុក្រោម២១ឆ្នាំ ហើយលោក Fernando Santos ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផងដែរ ៕