ភ្នំពេញ៖ ដោយមើលឃើញនូវវិធីសាស្ត្រ នៃការគ្រប់គ្រងក្រុមជម្រើសជាតិឈុតធំនិងឈុតតូចហាក់មានភាពឆកល្វែងនោះ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានបំណងស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើកំណែទម្រង់លើរបបអាហារប្រចាំថ្ងៃរបស់កីឡាករកីឡាការិនីដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងនិងស្ថិតក្រោមការគ្រប់គ្រងរបស់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលក្នុង១ខែម្នាក់មិនតិចជាង៥០០ដុល្លារនោះទេ បើគិតទាំងថវិកាឧបត្ថម្ភប្រចាំខែផងនោះ។
លោក ថោង ខុន ប្រធានNOCC បាន លើកឡើងថា បន្ទាប់ពីធ្វើកំណែទម្រង់លើសហព័ន្ធកីឡាជាតិរួចហើយ យើងក៏ត្រូវ ពិនិត្យមើលឡើងវិញចំពោះបញ្ហារបប អាហារប្រចាំថ្ងៃរបស់កីឡាករកីឡាការិនីទាំងឈុតធំនិងឈុតតូចដែលបាននិងកំពុងប្រមូលផ្តុំក្នុងជំរំហ្វឹកហាត់បច្ចុប្បន្ននេះ។ ការបើកលុយរបបអាហារត្រង់ទៅកីឡាករកីឡាការិនី ដូចសព្វថ្ងៃនេះមិនត្រូវតាមស្តង់ដារនៃការគ្រប់គ្រងកីឡាករកីឡាការិនី កម្រិតខ្ពស់នោះទេ ។
ការគ្រប់គ្រងកីឡាកម្រិតខ្ពស់លើរបបចំណីអាហារគេធ្វើដោយទៀងទាត់តាម វេជ្ជសាស្ត្រកីឡាដើម្បីឲ្យប្រាកដថា កីឡាករកីឡាការិនីពិតជាទទួលបាននូវរបបអាហារដែលមានថាមពលគ្រប់គា្រន់សម្រាប់បំប៉ន សរីរាង្គកាយយ៉ាងពិតប្រាកដសម្រាប់បម្រើឲ្យការហ្វឹកហាត់ត្រៀម ។
លោកប្រធាន NOCC បញ្ជាក់ថា របបអាហារគេមានគ្រូពេទ្យផ្នែកវេជ្ជសាស្ត្រ កីឡាត្រួតពិនិត្យប្រចាំថ្ងៃដោយម៉ត់ចត់ បំផុត គឺពេលព្រឹកកីឡាករកីឡាការិនីត្រូវ ពិសាអ្វី? ពេលល្ងាចត្រូវពិសាអ្វី? ហើយ អាហារទាំងនោះវាគ្រប់គ្រាន់សម្រាប់បំប៉នរាងកាយរបស់ពួកគាត់ដែលកំពុងហ្វឹកហាត់ត្រៀមដែរឬទេ?
លោកសង្កត់ធ្ងន់ថា ប្រសិនបើក្រសួង អប់រំនៅតែបន្តបើករបបអាហារដល់ដៃ កីឡាករកីឡាការិនីដោយពុំធ្វើការកែទម្រង់ទេនោះ កម្ពុជានៅតែមិនអាចសម្រេចបានតាមផែនការយុទ្ធសាស្ត្រស្វែងរកមេដាយឲ្យបានយ៉ាងតិច២ខ្ទង់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងមេដាយ១យ៉ាងតិចនៅ អូឡាំពិកហ្គេមនិងមេដាយថ្នាក់ពិភពលោកបាននោះទេ។
គឺមានន័យថា លុយបានតែមនុស្សមិន បានមកវិញទេ ។ លោកមានប្រសាសន៍បែបនេះចង់សំដៅទៅលើរបបអាហារដែល ក្រសួងបើកត្រង់ទៅឲ្យកីឡាករកីឡាការិនី បច្ចុប្បន្ននេះ ពុំមានការត្រួតពិនិត្យចំណី អាហារត្រឹមត្រូវតាមស្តង់ដារកីឡានោះឡើយ ព្រោះពួកគាត់បានលុយយកទៅ ប្រគល់ឲ្យឪពុកម្តាយប្រពន្ធនិងប្តីអស់ហើយចង់ពួកគាត់ហូបបែបណាក៏គ្មាននរណាម្នាក់ដឹងដែរ នេះគឺជាអត្ថន័យ “លុយបានតែ មនុស្សមិនបាន” បើធ្វើដូចសព្វថ្ងៃដែល មជ្ឈមណ្ឌលបាននិងកំពុងធ្វើគ្មានប្រសិទ្ធភាពដល់ការបង្កើនថាមពលសម្រាប់កីឡាកម្រិតខ្ពស់ឡើយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះភ្នាក់ងារយកព័ត៌មាននគរវត្តនៅមិនទាន់អាចសុំការបំភ្លឺពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាននៅឡើយទេ នាព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ដោយលោកប្រាប់ថា កំពុងជាប់មហាសន្និបាតក្រសួង អប់រំយុវជន និងកីឡា ៕
សារីម