ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១០ឆ្នាំ មិនគួរណាហ៊ានធ្វើអត្តឃាតដោយចង ក សំលាប់ខ្លួនបែបនេះសោះ រហូតធ្វើអោយមានមជ្ឈដ្ឋានជាច្រើនមានការងឿងឆ្ងល់ តែនៅទីបំផុតក៏បានផ្ទុះឡើងនូវជំនឿអរូបីយ៍ ដែលធ្វើអោយប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ មានការជឿជាក់ថាអាចបណ្តាលមកពីខ្មោចនាំ ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០ នាទី ព្រឹក ថ្ងៃទី ២៣ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី៤ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ដោយសារតែមានអ្នកភូមិបានប្រទះឃើញក្មេងស្រីម្នាក់ បានចង កសំលាប់ខ្លួនដោយប្រើប្រាស់ក្រមា ចងទៅនឹងរត ខាងក្រោមផ្ទះ ។
បើតាមសំដីរបស់ស្ត្រីម្នាក់ ដែលត្រូវជាម្តាយមីង ហើយមានលំនៅដ្ឋាននៅក្បែគ្នា បាននិយាយថា នៅព្រឹកនោះគឺម្តាយរបស់ក្មេងស្រីរងគ្រោះបានចេញទៅផ្សារ ដោយឡែកឪពុកនាង ក៏បានយកកាំបិត និងពូថៅទៅច្រុងផងដែរ ដោយបន្សល់ទុកនូវក្មេងស្រីរូបនេះនៅចាំផ្ទះម្នាក់ឯង ព្រោះនាងធំគ្រាន់ហើយអាចយល់ដឹងច្រើន ។
ប្រភពដដែលបានបន្តថា នៅពេលនោះដែរ គឺគាត់បានក្រលេកមើលទៅខាងក្រោមផ្ទះស្រាប់តែឃើញក្មេងស្រីរូបនេះបានចង ក ខ្លួនឯងទៅនឹងរតផ្ទះបាត់មាត់ បាត់ ក ស្ងាត់ឈឹងទៅហើយ ក៏ប្រញ៉ាប់ប្រញ៉ាល់ស្រាយនាងទំលាក់ចុះមកក្រោម ហើយដឹកនាងយកទៅមន្ទីរពេទ្យអុីមេចិនសុី ដើម្បីសង្គ្រោះក្រែងមានសំណាង ប៉ុន្តែក្រុមគ្រូពេទ្យបាននិយាយថាយឺតពេលទៅហើយ ។
លោក វ៉ាត់ ជា អាយុ៤១ឆ្នាំ ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា កូនស្រីរបស់លោកឈ្មោះ ជា ចំរើន អាយុ១០ឆ្នាំ រៀននៅថ្នាក់ទី៤ នៃសាលាបឋមសិក្សាអន្លង់វិល ។ រាល់ព្រឹកគឺលោកតែងតែយកក្រមានេះមកផ្លាស់ងូតទឹក ប៉ុន្តែនៅព្រឹកមុិញនេះគាត់បានដើររកក្រមានេះមិនឃើញទាល់តែសោះ ដោយមិនដឹងថាកូនស្រីរបស់លោកបានយកក្រមានេះទៅលាក់ទុកតាំងពីពេលណានោះឡើយ លុះមានការភ្ញាល់ផ្អើលទើបដឹងថា ការចង ក នេះគឺបានប្រើប្រាស់ក្រមារបស់លោកមែន ។
បើតាមការចុះវិភាគនៅទីតាំងកើតហេតុ លោក មួរ ឡាន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានលើកឡើងថា ក្រោយពេលត្រួតពិនិត្យគឺបានសង្គេតឃើញក្រមាពិតជាមានការចងដោយក្មេងស្រីមែន ដោយនាងបានដាក់កៅអីដែកនៅពីក្រោមដើម្បីឡើងជាន់ចង រួចហើយទើបទាត់កៅអីចេញពីក្រោមជើង ធ្វើអោយ ក របស់នាងទាក់ជាប់នឹងក្រមា ស្លាប់តែម្តង ដោយមិនមានការពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីនោះឡើយ ហើយលោកក៏បានធ្វើកំណត់ហេតុប្រគល់សពក្មេងស្រីទៅអោយឪពុកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានពីប្រភពនានា គឺមានពីរចំណុចទី១ ពីបណ្តាក្រុមគ្រូពេទ្យ អាចបណ្តាលមកពីនាងធ្លាប់មើលរឿងក្នុងខ្សែវីដេអូ ដែលពាក់ព័ន្ធនឹងរឿងចង ក ដូច្នេះអាចធ្វើអោយនាងមានការចង់សាកល្បង ដើម្បីចង់ដឹង ឯមជ្ឈដ្ឋានទី២ ពីសំណាក់ក្រុមគ្រួសារ និងប្រជាពលរដ្ឋបាននិយាយតាមបែបអបីយ៍ជំនឿថា អាចបណ្តាលមកពីខ្មោចនាំ ៕ សំ វិច្ឆិកា