ភ្នំពេញ៖ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ មុនបើកប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា ការបង្ហាញផែនទីដែលអង្គការសហប្រជាជាតិយកមកបានផ្ទៀងផ្ទាត់ កិច្ចការដ៏ល្អនេះ មិនមែនសម្រាប់ដែលយើងជាមនុស្សនៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែ គឺសម្រាប់ជាតិរបស់យើង ក្នុងភាពជាអ្នកថ្លៃថ្នូរ ហើយរក្សាបាននូវ ការឯកភាពជាតិ ឯកភាពទឹកដី និងកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ប្រកបដោយមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។
សម្តេចមានប្រសាសន៍ថា បើយោងទៅលើអ្វីដែលយើងមានក្នុងដៃ មិនមានការចាំបាច់ទាល់តែសោះ ទៅលើការសុំផែនទីពីអង្គការសហប្រជាជាតិ ពីបារាំង ពីអាមេរិក និងពីអង់គ្លេស ។
ដោយសារតែយើងមានសច្ចាប័ណ្ណ មានច្បាប់ត្រឹមត្រូវ តែថ្ងៃនេះ ខ្ញុំនឹងពន្យល់…ប៉ុន្តែ ដោយសារតែមានបំណងចង់ឲ្យមានសាមគ្គី នៅក្នុងចំណោមជាតិសាសន៍របស់យើង កុំឲ្យមានចោទប្រកាន់គ្នាទៅវិញទៅមក ទៅលើបញ្ហាផែនទីក្លែងក្លាយ… ជាដើម យើងសុខចិត្តបោះជំហាន១ ដោយស្នើសុំផែនទីពីអង្គការសហប្រជាជាតិ ពីបារាំង ពីអាមេរិក ពីអង់គ្លេស ។
ទោះបីថា មិនបានផែនទី នៅអង្គការសហប្រជាជាតិក៏ដោយចុះ តែផែនទីកាលពីម្សិលមិញដែលផ្ទៀងផ្ទាត់នោះក៏អាចបញ្ជាក់អំពីក្របខ័ណ្ឌព្រំដែនរដ្ឋរបស់យើងដើម្បីជម្រះមន្ទិលប្រជាពលរដ្ឋរបស់យើង ហើយក៏ជាវាយបំបាក់ឧបាយកលរបស់បក្សប្រឆាំង ៕