ខេត្តកណ្តាល ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ១កញ្ចប់ធំ ២កញ្ចប់មធ្យម និង២កញ្ចប់តូច ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ចេញល្បាតក្នុងភូមិសាស្រ្តប្រទះឃើញចាប់ជនសង្ស័យម្នាក់ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីរក្សាទុក ប្រើប្រាស់ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើនៅវេលាម៉ោង១៧ និង៣០នាទី រហូតដល់ម៉ោង១១យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលស្រុងស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១- ឈ្មោះអឿន ចន្ថា ហៅក្តោប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល , ២- ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល , ៣- ឈ្មោះ យ៉ុន យ៉ុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ,៤- ឈ្មោះ អ៊ុត ចំរើន ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងដកហូតបានមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៥កញ្ចប់ ១កញ្ចប់ធំ , ២កញ្ចប់មធ្យម និង ២កញ្ចប់តូច , ទូរសព្ទដៃគ្រឿង១គ្រឿង ម៉ាក iphone ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយចេញល្បាត ក្នុងភូមិសាស្រ្តភូមិព្រែករុនក្រោម ឃុំព្រែកគយ បានប្រទះឃើញឈ្មោះ អ៊ុត ចំរើន ក៏ឃាត់ធ្វើការត្រួតពិនិត្យ ឃើញគ្រឿងញៀនចំនួន១កញ្ចប់តូច នៅកញ្ចប់បារី រួចឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីសាកសួរ ។ តាម ចំលើយសារភាពរបស់ឈ្មោះ អ៊ុត ចំរើន ថាខ្លួនបានទិញថ្នាំញៀន ពីឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ចំនួន ១កញ្ចប់ តម្លៃ២០០០០រៀល ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល លោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកំលាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ និងមានការសម្របសម្រួល ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកណ្តាល បានចុះទៅចំណុចផ្ទះរបស់ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ក៏ប្រទះឃើញជនសង្ស័យនៅក្រោមផ្ទះ ពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនចំនួន ១កញ្ចប់តម្លៃ ២០០០០ រៀល ពីឈ្មោះ អឿន ចាន្ថា ដើម្បីយកទៅលក់ឲ្យឈ្មោះ អ៊ុត ចំរើនក្នុង១កញ្ចប់ តម្លៃ ២០០០០រៀល ពិតប្រាកដមែន ។
រហូតដល់វេលាម៉ោង១១និង០៥នាទី ថ្ងៃខែឆ្នាំដ៏ដែរ កំលាំងជំនាញ សហការជាមួយប៉ុស្តិ៍នគររដ្ឋបាលព្រែកគយ បន្តចុះទៅឃាត់ខ្លួន ឈ្មោះអឿន ចាន្ថា ហៅក្តោប នៅផ្ទះ ក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ។ ពេលនោះកំលាំងសម្ថកិច្ច បានឃាត់ខ្លួនឈ្មោះ អឿន ចាន្ថា ហៅក្តោប និងឈ្មោះ យ៉ុន យ៉ុម រួមទាំងវត្ថុតាង ថ្នាំញៀន ០៤កញ្ចប់(០១កញ្ចប់ធំ ០២កញ្ចប់មធ្យម ០១កញ្ចប់តូច) ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះអឿន ចន្ថា ហៅក្តោប បានសារភាពថាខ្លួន បានទិញថ្នាំញៀន ពីឈ្មោះ ហោ នៅភូមិព្រែករុនក្រោយ ឃុំព្រែកគយ ស្រុកស្អាង តម្លៃ៦០០០០០រៀល ដើម្បីចែកចាយបន្ត ។
ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ