ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនិងក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោកអាល្លឺម៉ង់បានរក្សាឥទ្ធិពលខ្លាំងក្លា របស់ខ្លួនដើម្បីឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៨នៅប្រទេស រុស្ស៊ី ក្រោយពីបានកត់ត្រាជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជម្រុះកាលពីរាត្រីថ្ងៃទី ២៦ ខែមីនា។
នៅឯកីឡដ្ឋាន Wembley របស់ក្រុម ជម្រើសជាតិអង់គ្លេសខ្សែប្រយុទ្ធ Jermain Defoe បានអបអរការវិលទៅកាន់កីឡាបាល់ទាត់អន្តរជាតិវិញរបស់គេជាមួយនឹងការស៊ុតបាល់បញ្ចូលទីមួយគ្រាប់ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសបានកត់ត្រា ជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិ លីទុយអានី ។
Defoe វ័យ៣៤ឆ្នាំដែលបានបង្ហាញខ្លួនឲ្យក្រុមអង់គ្លេសជាលើកទី១របស់គេចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣នោះ បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្នុងតង់ទី២ដើម្បី រកគ្រាប់បាល់អន្តរជាតិទី២០របស់គេ។ ខ្សែប្រយុទ្ធបម្រុង Jamie Vardy បានបន្ថែម គ្រាប់បាល់ទី២ ខណៈដែលក្រុមជម្រើស ជាតិអង់គ្លេសបានពង្រឹងចំណាត់ថ្នាក់លេខ១របស់ខ្លួនក្នុងពូល F ។
ក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate បច្ចុប្បន្នគឺជា ក្រុមចុងក្រោយគេក្នុងការប្រកួតជម្រុះនៅអឺរ៉ុប ដែលមិនបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនទាល់តែសោះសូម្បីតែមួយគ្រាប់។ ក្រុមអង់គ្លេសកំពុងមាន ១៣ពិន្ទុ ដោយនាំមុខ៥ពិន្ទុពីលើក្រុមជម្រើសជាតិស្លូវ៉េនីឈរនៅលេខរៀងទី២ក្នុងពូល។
លោក Southgate បានឲ្យដឹងថា «យើង លេងបានល្អប្រសើរជាងមុនបន្តិច ប៉ុន្តែខ្ញុំ គិតថា នេះជាក្រុមមួយដែលមកដើម្បីឈ្នះការប្រកួតនេះ ហើយវាពិតជាលំបាកណាស់ក្នុងការទម្លុះតំបន់ការពារ»។
ស្របពេលជាមួយគ្នានេះក្រុមជម្រើសជាតិអាល្លឺម៉ង់បានរក្សាកំណត់ត្រាឈ្នះរបស់ខ្លួន១០០ភាគរយក្រោយពីដណ្តើមបាន ជ័យជម្នះ ៤-១ លើក្រុមជម្រើសជាតិអាស៊ែ បៃហ្សង់ក្នុងទីក្រុង Baku ខណៈដែលពួកគេបានរក្សាការនាំមុខលើកំពូលតារាងនៃពូល C ដោយមាន១៥ពិន្ទុ។
ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ និងក្រុមជម្រើសជាតិស្វ៊ីស គឺជាក្រុមដែល រក្សាការកំណត់ត្រាឈ្នះ១០០ភាគរយក្នុងការប្រកួតជម្រុះនៅអឺរ៉ុប ។
ជ័យជម្នះរបស់ក្រុមទាំង២បានបង្ហាញពីឱកាសខិតជិតដណ្តើមយកកៅអីទៅកាន់ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក (World Cup 2018 ) ឆ្នាំ២០១៨ ដែល ប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ។ ខាងលើនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ៕














