ក្រុងប៉ោយប៉ែត៖ តានិងចៅ២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបើកបត់ម៉ូតូ មិនប្រយ័ត្នត្រូវរថយន្តមកពីក្រោយបុកពេញទំហឹង កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក ឡិចស៊ីសRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-9962 អ្នកបើកមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុមានម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-1026 បើកដោយឈ្មោះ មាស ជន់ ភេទប្រុស អាយុ៥២ឆ្នាំ ឌុបចៅស្រីពីក្រោយឈ្មោះម៉ា លី អាយុ៨ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏បានបត់ និងត្រឡប់ថយក្រោយមិនប្រយ័ត្ន ក្នុងទិសដៅបញ្ច្រាសគ្នាក៏ត្រូវរថយន្តខាងលើទៅដល់ហើយបុកបណ្តាលឲ្យអ្នកបើក និងអ្នកជិះម៉ូតូ២នាក់បានស្លាប់នៅនឹងកន្លែងតែម្ដង ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់៕
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះបញ្ជូនទៅរក្សាទុកនៅអធិការស្រុកម៉ាឡៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ វណ្ណា













