ប្រជាកសិករ នៅសហគមន៍បាត់ដំបង ប្រកបអាជីវកម្មដាំដំណាំជីគ្រប់ប្រភេទ អាចផ្គត់ផ្គង់ជីវភាពបានងាយស្រួល 

ចែករំលែក៖

ខេត្តបាត់ដំបង៖ បន្ទាប់ពីប្រមូលផលស្រូវ នារដូវរំហើយ កសិករប្រមាណ៥០ភាគរយ ដែលរស់នៅជាយៗ ក្រុងបាត់ដំបងបាននាំគ្នាដាំបន្លែ និងជីគ្រប់ប្រភេទ ដែលអ្នកភូមិចាត់ទុកថា ជាដំណាំវិលជុំ ងាយស្រួលរកទីផ្សារ និងអាចផ្ដល់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឲ្យរស់សមរម្យ បានល្អបង្គួរ និងងាយស្រួលប្រកបអាជីវកម្ម ។

ប្រជាកសិករ លោក ហូ ឡូញ  រស់នៅក្នុងភូមិចម្ការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលប្រកបមុខរបរដាំបន្លែ និងជីគ្រប់មុខ បានឲ្យដឹងនៅថ្ងៃទី២៨ មីនា នេះថា មុខរបរនេះមានភាពងាយស្រួលប្រកបអាជីវកម្មនិងអាចរកទីផ្សារបានស្រួល ពិសេសនិងអាចរកចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ កសិករឈ្មោះឈឿនកញ្ញា អាយុ៣០ឆ្នាំ ជាអ្នកដាំជីគ្រប់មុខ និងបន្លែ , ដូចជាជីក្រហម ,ម្រះព្រៅ ,ជីពងទាកូន ,ជីថ្ពាល់ត្រី ដើមក្រសាំងទាប និងបន្លែផ្សេងៗទៀតលើផ្ទៃដីទំហំប្រហែល២រ៉ៃ។

លោក ហូ ឡូញ បានបន្ដថា បើទោះជារយៈពេលចុងក្រោយនេះទីផ្សារជី និងបន្លែបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែនៅពេលចាប់ផ្ដើមប្រមូលផលគឺមិនអត់ម៉ូយនោះទេ។ ម៉ូយ តែងតែមកទាក់ទង ជាហូរហែរដែរគាត់អាចលក់ចេញជីគ្រប់មុខរាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។

អាជីវកម្មដាំដំណាំជីគ្រប់ប្រភេទនេះអាចរកចំណូលជាមធ្យមចាប់ពី៥ម៉ឺនរៀល ដល់១៣ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយគាត់បានប្រកបមុខរបរ នេះជាង៧ឆ្នាំ ដែលមុខរបរដ៏សាមញ្ញនេះ អាចជួយឲ្យគ្រួសារ  លោករស់នៅក្នុងជីវភាពសមរម្យបានដោយមិនចាំបាច់ទៅស៊ីឈ្នូលគេ ឬធ្វើចំណាកស្រុកនាំឲ្យបែកឆ្ងាយពីក្រុមគ្រួសារឡើយ។

ដោយឡែក កសិករវ័យ៦០ឆ្នាំ លោក ឈុន ឆាន់ បានឲ្យដឹងថា អ្នកភូមិរបស់គាត់ភាគច្រើននិយមដាំដំណាំនេះដោយសារងាយដាំដុះ និងងាយរកទីផ្សារ បើទោះជាតម្លៃទីផ្សារមិនសូវទៀងទាត់ក្ដីក៏អ្នកទិញត្រូវការរាល់ថ្ងៃដែរ មិនដូចដំណាំដំឡូងមី ឬពោតនោះទេ ហើយអ្នកភូមិ បានចាប់ផ្ដើមដាំដំណាំវិលជុំនេះក្រោយពីប្រមូលផលស្រូវ។

លោកថា ការដាំដំណាំជី និងបន្លែកំប៉ិកកំប៉ុកនេះ គឺលំបាកតែពេលភ្ជួរដី និងលើករងដំបូងប៉ុណ្ណោះនៅពេលដំណាំចាប់ផ្ដើមលូតលាស់គឺកសិកររង់ចាំតែប្រមូលផលលក់តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ការដាំដំណាំនៅពេលបច្ចុប្បន្នកសិករហាក់មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះប្រើគោយន្តភ្ជួរ និងប្រើម៉ាស៊ីនស្រោចស្រព ដែលខុសពី១០ឆ្នាំមុន ដែលកសិករប្រើកម្លាំងបាយកាប់គាស់ និងរែកទឹកស្រោចដំណាំ។

លោកបន្ដថា តម្លៃជីក្រហម បច្ចុប្បន្នធ្លាក់ពី២ពាន់រៀលក្នុងមួយគីឡូក្រាម មកត្រឹមមួយពាន់រៀលក្នុងមួយគីឡូក្រាម តែតម្លៃនេះទើបធ្លាក់ចុះរយៈពេលពីរខែចុងក្រោយនេះទេ។ ដូច្នេះបើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ននេះ ដំណាំជីក្រហមដាំលើផ្ទៃដីជិតកន្លះហិកតា គឺអាចផ្តល់ចំណូលដល់កសិករជិត៤០ម៉ឺនរៀលក្នុងរយៈពេលជាង១សប្ដាហ៍៕ សំរិត

...

samrith (4) samrith (3) samrith (1) samrith (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print