ភ្នំពេញ៖ កំណាត់ផ្លូវមួយចំនួននៅ រាជធានីភ្នំពេញ ពិសេសតំបន់ប្រជុំជន តាមតំបន់មុខរោងចក្រ ត្រូវបានអាជីវករ យកចិញ្ចើមផ្លូវដាក់គ្រែដាក់តុ តាំង លក់ទំនិញ ផ្លែឈើ ម្ហូបអាហារ ដែលបង្ក ឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម រញ៉េរញ៉ៃតាមដងផ្លូវនិងកកស្ទះចរាចរណ៍ ជាក់ស្ដែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌសែនសុខ ។
បើក្រឡេកមើលនៅតាមកំណាត់ផ្លូវវេងស្រេងត្រង់ចំណុចមុខរោងចក្រមួយចំនួនក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ទោះជាកន្លង មកអាជ្ញាធរបានចុះធ្វើការអប់រំណែនាំពីផលប៉ះពាល់ពេលដែលអាជីវករដាក់ ទីតាំងលក់ដូរនៅតាមចិញ្ចើមផ្លូវធ្វើឱ្យ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ពិសេស កកស្ទះចរាចរណ៍យ៉ាងណាក៏ដោយក៏មកដល់ពេលនេះនៅតែឃើញមានកញ្ច្រែង មានតុ មានរ៉ឺម៉កនិងរថយន្ដ ដាក់អីវ៉ាន់ លក់ដូរនៅពេលកម្មករចេញឬចូលរោងចក្រ ឬពេលព្រលប់ ហាក់បីដូចជាមិន ខ្លាចពីការកើតមានគ្រោះថ្នាក់ឬប៉ះពាល់ដល់សណ្ដាប់ធ្នាប់អ្វីឡើយ ។
មិនមែនតែលើកំណាត់ផ្លូវវេងស្រេងតែមួយនោះទេ នៅលើកំណាត់ផ្លូវជា ច្រើនទៀត ត្រូវបានអាជីវករយកចំណី ផ្លូវឬយកផ្លូវមួយចំហៀងធ្វើជាកន្លែងលក់ដូរដូចជានៅតាមកំណាត់ផ្លូវទំនប់កប់ស្រូវ មុខរោង ចក្រប៊ឺរី កំណាត់ផ្លូវទាំង សងខាងត្រូវបានបងប្អូនអ្នកលក់ដូរដាក់តាំងលក់ទំនិញ ហៀរដល់ផ្លូវ ដែលងាយ ជួបនឹងគ្រោះថ្នាក់ខណៈដែលដងផ្លូវខាង លើពោរពេញទៅដោយរថយន្ដតូចធំឆ្លងកាត់ ពិសេសគឺរថយន្ដកុងតឺន័រ ។
ដោយឡែកនៅខណ្ឌសែនសុខឯណោះវិញ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លើកំណាត់ផ្លូវលេខ២៧១ ផ្លូវហាណូយ ផ្លូវលេខ១៨៨៦ និងមានកំណាត់ផ្លូវ ជាច្រើនទៀត មានការដាក់ តាំងលក់ ដូររញ៉េរញ៉ៃនៅលើចិញ្ចើមផ្លូវដូចគ្នាអ៊ី៨ចឹងដែរ ។ បើសិនសមត្ថកិច្ចចុះរៀបចំ សណ្ដាប់ធ្នាប់វិញដូចវែកចករៀបស្អាតខាងមុខគ្រាន់តែបែរខ្នងគឺនៅដដែល មិនតែប៉ុណ្ណោះពេលសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ម្ដងៗមានសមត្ថកិច្ចមួយចំនួនតូចដែលបង់ខែជាមួយអាជីវករ បានលួចផ្ដល់ដំណឹងឱ្យអាជីវករដឹងមុន ពេលដែលសមត្ថកិច្ចចុះទៅដល់អត់មាន ការតាំងលក់ដូររញ៉េរញ៉ៃទៀតទេ ។
ប្រជាពលរដ្ឋបានលើកឡើងថា សមត្ថ កិច្ចក៏ដូចជាអាជ្ញាធរហាក់ដូចជាមិន អាចទប់ស្កាត់អាជីវករដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរឱ្យមានប្រសិទ្ធភាព សោះ បើចុះរៀបចំវិញគឺបានស្អាតតែ មួយភ្លែតរញ៉េរញ៉ៃលើសដើម ហើយ កាន់តែស្ទះចរាចរណ៍ថែមទៀត ៕
ដោយ៖ ហេង នរិន្ទ្រ