ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតាហៅតូតាបានបង្ហាញវត្តមានក្នុងតំណែងជាតួឯកក្នុងសាច់រឿង“សារាយនឹមនួន”ដែលផលិតដោយក្រុមការងារទស្សនាវដ្តីសូវរីន(SOVRIN)។ រឿង“សារាយនឹមនួន”បានចូលរួមចំណែកលើកស្ទួយកម្ពស់ វប្បធម៌ អរិយធម៌ និងថែរក្សាកេរដំណែលទំនៀមទម្លាប់ពីបុរាណកាល ក៏ដូចជាការគាស់កកាយឡើងវិញនូវការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមភូមិស្រុកនៅក្នុងប្រទេសកម្ពុជាពីបុរាណកាល។
ការបញ្ជាក់ពីវត្តមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមេសាឆ្នាំ២០១៧ ក្នុងកម្មវិធីសន្និសីទកាសែតមួយដែលមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដាអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ដែលបានប្រារព្ធធ្វើឡើង នៅ ឡឺប៊ីសស្រ្តូ(LEBISTROT) ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានភាសាបារាំង (THE FRENCH INSTITUTE) ដែលរៀបចំឡើងដោយទស្សនាវដ្ដីសូវរីន(SOVRIN) ។ កម្មវិធីនេះក៏ជាការសម្ពោធជាផ្លូវការនូវគម្របមុខដ៏ពិសេស របស់ទស្សនាវដ្តី សូវរីន (SOVRIN) ក្នុងលេខទី៦៧នេះ ស្របក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំ២០១៧ ត្រូវនឹងឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងចំណោមពិធី បុណ្យទ្វាទសមាសរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីសកម្មភាពនៃការរៀបចំចង្ហាន់របស់ប្រជានុរាស្រ្តខ្មែរទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមស្រុកស្រែចម្ការហើយនោះទស្សនីយភាពនៃសិល្បៈតន្រ្តីមហោរីក្រោមប្រធានបទ“សារាយនឹមនួន” ដែលជាបទភ្លេងដើមចំណាស់របស់បុព្វបុរសយើងក៏បានក្លាយជាផ្ទាំងទស្សនីយភាព កម្សាន្តមួយក្នុងពិធីឆ្លងសង្រ្កាន្តចាស់ផ្លាស់ចូលសង្រ្កាន្តថ្មីសម្រាប់ទុកគ្រាន់ដាសអង្រួនដួងចិត្តកូនខ្មែរគ្រប់ជំនាន់ឲ្យដក់ជាប់ក្នុងដួងចិត្ត ហើយអ្វីដែលរឹតតែពិសេសទៀតនោះគឺការថតបញ្ចូល គ្នារវាងទម្រង់រចនាបថសម្លៀកបំពាក់ខ្មែរពីរសម័យកាលផ្សេងគ្នាក្នុងសាច់រឿង តែមួយអមដោយឈុតឆាកសិល្បៈវប្បធម៌ជាតិយ៉ាងសម្បូរបែបល្អគ្មានពីរប្រទាក់ក្រឡាគ្នាចងជារឿងរ៉ាវប្រវត្តិគូស្នេហ៍មួយគូពីអតីតជាតិរវាងកម្លោះពូជខ្មែរអង្គរសារាយនិងនាងក្រមុំបញ្ចពិធកល្យាណីនឹមនួន។
លោក ជ័យ រដ្ឋា ដែលជានាយកផ្នែកច្នៃប្រឌិតរបស់ទស្សនាវដ្តីសូវរីន (SOVRIN) បានលើកឡើងនូវគោលគំនិតសំខាន់ពីក្រោយការថតគម្របមុខលេខក្នុងពិសេសដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីទំនៀមទម្លាប់របស់ប្រជាជនខ្មែរពីអតីតកាលក្នុងការរួបរួមសាមគ្គីគ្នារៀបចំពិធី បុណ្យចូលឆ្នាំទទួលទេវតាថ្មីនៅតាមភូមិស្រុកទៅតាមលំអានប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនក្រៃលែង។ លោកក៏បានសង្កត់ធ្ងន់ទៀតដែរថា “យើងសង្ឃឹមថាវាអាចចូលរួមជាវិភាគទានដ៏តូចមួយក្នុងដំណើរកិច្ចការអភិរក្សទម្រង់សិល្បៈវប្បធម៌ប្រពៃណីរបស់ជាតិយើងហើយប្រជាជនកម្ពុជាទាំងអស់នឹងចាប់ផ្ដើមងាកត្រឡប់មកមើលពីការចូលរួមអភិរក្សទម្រង់សិល្បៈវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ដ៏បុរាណរបស់ខ្មែរដ៏មានតម្លៃនិងធ្វើយ៉ាងណារក្សាទម្រង់ប្រពៃណីមួយនេះបន្តសម្រាប់កូនចៅខេមរាជំនាន់ក្រោយ។”
កញ្ញា ម៉ាក់សែនសូនីតា តួឯកស្រីក្នុងសាច់រឿង“សារាយនឹមនួន”ពេញចិត្តខ្លាំងមែនទែនជាមួយការថតជាវីដេអូជាខ្សែសាច់រឿងខ្លីដែលឆ្លងពីសម័យបច្ចុប្បន្នទៅកាន់សម័យកាលបុរាណដែលបានឆ្លុះបញ្ចាំងពីអរិយធម៌ដ៏ថ្កុំថ្កើនរុងរឿងរបស់ខ្មែរ។ កញ្ញាបានថ្លែងទាំងក្តីសោមស្សរីករាយថា“សម្រាប់ខ្ញុំការថតសម្លៀកបំពាក់បុរាណបែបនេះខ្ញុំធ្លាប់បានថតជាខ្សែភាពយន្តច្រើនរឿងមកហើយ តែសម្រាប់លើកនេះវាពិតជាផ្ដល់អារម្មណ៍ពិសេសអ្វីម្យ៉ាងដល់ខ្ញុំដែលពិបាកធ្វើការពណ៌នាអារម្មណ៍នេះណាស់ព្រោះតែការរៀបចំប្លង់ថតនីមួយៗ សម្លៀកបំពាក់ ការតុបតែងមុខក៏ដូចជាម៉ូដសក់ ជាពិសេសគឺទីតាំងផ្ទាល់តែម្ដងដែលមានទីតាំងនៅប្រាសាទ គុហនគរខេត្តកំពង់ធំ ដែលក្រុមការងារបានរៀបចំមកហាក់ដូចទិដ្ឋភាពពិតៗ ពីអតីតកាលធ្វើឱ្យខ្ញុំស្លុងអារម្មណ៍មែនទែន ហាក់បីដូចខ្លួនឯងកំពុងនៅសម័យកាលនោះពិតៗតែម្ដង…”។
គួរបញ្ជាក់ផងដែរថាទស្សនាវដ្តី សូវរីន(SOVRIN) របស់កម្ពុជា ដែលមានឈ្មោះបោះសម្លេងទាំងក្នុងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិនេះជានិច្ចជាកាលតែងតែចូលរួមទ្រទ្រង់ដល់ សកម្មភាពអភិរក្សទម្រង់សិល្បៈបុរាណ អក្សរសាស្ត្រ ក៏ដូចជាការចូលរួមផ្សព្វផ្សាយដល់ការថែរក្សាសម្បត្តិធនធានធម្មជាតិនានាផងដែរ៕ វឌ្ឍនា