ភ្នំពេញ៖ ទើបនឹងប្រកាសចាក់បញ្ចាំងភាពយន្តដែលដឹកនាំដំបូងគឺរឿង”លត់ដែកថែប” មិនបានប៉ុន្មានថ្ងៃផង តារាដែលនិយមថតឈុតទាត់ធាក់ សុខ ដែន បានសម្រុកចេញថតបទចម្រៀងថ្មីរបស់ខ្លួនពីរបទទាំងភ្លៀងដើម្បី បម្រើអារម្មណ៍អ្នកស្តាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
បទចម្រៀងថ្មីដែលជាសំនៀងផ្ទាល់របស់តារាសម្តែងរូបនេះមានពីរបទគឺបទ”សុំយកប្រពន្ធធម៌” និងបទ”រាំស្តាយពស់”ដែលស្ថិតក្នុងផលិតកម្ម BN។ សុខ ដែនបញ្ជាក់ថា បទចម្រៀងទាំងពីរបទខាងលើបានចេញរួចមកហើយនៅលើបណ្តាញYou Tube កាលពីពេលកន្លងទៅដោយចេញតែបទចម្រៀងប៉ុណ្ណោះមិនទាន់ចេញជាMVនៅឡើយ។ លោកលើកឡើងថា បទចម្រៀងទាំងពីរបទនេះសហការផលិតជាមួយលោក Jane Roffer និងត្រូវបានចេញថតកាលពីថ្ងៃទី១ខែមេសាកន្លងទៅដែលចំថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង។ លោកថា ទីតាំងថតនៅតំបន់ភ្នំបាសិត ហើយបើទោះបីជាមានភ្លៀងធ្លាក់ជោកជាំក្តីក៏ផលិតករ និងសិល្បករតស៊ូថតបញ្ចប់តាមគម្រោង ទោះបីជាសិល្បករមួយចំនួនអវត្តមានក្នុងការចេញសម្តែងកាលពីថ្ងៃខាងលើក្តី។ លោកថា បទចម្រៀងនេះនឹងត្រូវធ្វើការចេញលក់ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមបែបទំនើបៗមួយចំនួនក្រោយពេលកាត់តរួចរាល់។ លោកថា បទចម្រៀងទាំងពីរបទនេះគឺជាបទថ្មីដែលលោកច្រៀងដើម្បីជាកាដូជូនដល់ទស្សនិកជនក្នុងឱកាសឆ្នាំថ្មីនេះ។ លោកថា ជាសិល្បករត្រូវមានអ្វីដែលថ្មី ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ហើយក៏ត្រូវទទួលយកនូវមតិកែលម្អពីទស្សនិកជនដើម្បីឲ្យស្នាដៃរបស់ខ្លួនដែលចេញទៅកាន់តែធ្វើឲ្យអ្នកទស្សនាភាគច្រើនគាំទ្រ។
លោកថា តារាសម្តែងជាច្រើនរូបបានបង្ហាញវត្តមានក្នុងបទចម្រៀងថ្មីរបស់លោក ហើយបទចម្រៀងថ្មីនេះមានទាំងបទចម្រៀងប្រពៃណីខ្មែរ និងបទញាក់កន្ត្រាក់អារម្មណ៍សម្រាប់ការរាំលេងកម្សាន្តនាឱកាសចូលឆ្នាំ ហើយលោករំពឹងថា ទស្សនិកជននឹងគាំទ្រស្នាដៃថ្មីរបស់លោកផងដែរ។
ក្រៅពីចេញថតចម្រៀងខាងលើលោកក៏កំពុងតែត្រៀមខ្លួនក្នុងការចូលរួមសម្តែងភាពយន្តថ្មីមួយទៀតគឺរឿង”កំពូលអ្នកស៊ើបអង្កេតបែកស្លុយ”ដែលជាប្រភេទរឿងកំប្លែង និងមានឈុតឆាកវាយតប់មួយចំនួនផងដែរ។ លោករំពឹងដែរថាស្នាដៃបទចម្រៀង និងស្នាដៃសម្តែងរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា