ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ដីហូរពី ភ្នំ បំផ្លាញផ្ទះជាច្រើន នៅ ប្រទេសកូឡុំប៊ី តាំងពីយប់ថ្ងៃទី៣១ ខែមីនា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង រហូតដល់២៥៤នាក់ និងរាប់សិបនាក់នៅ បាត់ខ្លួននៅឡើយ។
តាមសារព័ត៌មានស៊ីអិនអិនបានផ្សាយថា ហេតុការណ៍បាក់ដីខាលើកើតឡើងនៅក្នុងខេត្ត Putumayo ភាគខាងត្បូង ប្រទេសកូឡុំប៊ី បណ្តាលឲ្យអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់ ដោយសារតែមាន ពលរដ្ឋរហូតដល់ជាង ២០០នាក់ បាត់ខ្លួន និងរងរបួស ជាង៤០០នាក់។
ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានប្រកាសអាសន្ន នៅក្នុង ខេត្ត ទាំងមូល ពីហេតុការណ៍គ្រោះថ្នាក់ ខាងលើ។ ប្រធានាធិបតីបានបញ្ជាក់ទៀត ថា តំបន់ដែលរងការបាក់ដីមានភ្លៀងធ្លាក់ខ្លាំង ក្នុងមួយយប់ប៉ុណ្ណោះ ស្មើ នឹង ចំនួន ទឹកភ្លៀង ១ភាគ៣ នៃទឹកភ្លៀងក្នុងមួយ ខែ។
ក្រុមជួយសង្គ្រោះបានឲ្យដឹងថា ទឹក ភ្លៀង បានកាត់ផ្តាច់ មន្ទីរពេទ្យ សាលារៀនផ្អាកដំណើរការ។ រូបភាព បានបង្ហាញ ឲ្យឃើញថា រថយន្ត ត្រូវគំនរភក់កប់ លិច ក៏ដូចជាផ្ទះរបស់ពលរដ្ឋ។
កម្លាំងទាហានជាង ១.០០០នាក់បានទៅចូលរួមសង្គ្រោះពលរដ្ឋ ។ ក្រុមជួយ សង្គ្រោះជួបនូវផលលំបាកយ៉ាងខ្លាំង ដោយសារតែភក់ល្បាប់ច្រើនពិបាកក្នុងការគាស់កកាយ ជួយមនុស្សដែលជាប់ខាងក្នុង។ ទាំងនោះហើយធ្វើឲ្យអ្នកស្លាប់កាន់តែកើនឡើងថែមទៀត។
ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញក៏ មានករណីបាក់ដីកើតឡើង នៅលើកោះ ជ្វា បណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅ ឡើយ ។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានបង្កឲ្យ មានការហូរច្រោះបាក់ដី ពីទីខ្ពស់ ដោយបានសង្កត់ពីលើលំនៅឋានពលរដ្ឋ នៅក្នុង ស្រុក Ponorogo ។
លោក Sutopo Purwo Nugroho មន្ត្រី អ្នកនាំពាក្យមួយរូប មកពីទីភ្នាក់ងារ គ្រប់ គ្រងគ្រោះមហន្តរាយជាតិ បានលើកឡើង ថា មនុស្សចំនួន ១៧នាក់ រងរបួស ហើយ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ក្នុងស្រុក ។ លោកបានបន្ថែមថា យោធា ប៉ូលិស និងក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការ ស្រាវជ្រាវ នៅក្នុងតំបន់ដែលមានមនុស្ស កំពុងបាត់ខ្លួន ។
លោក Sutopo បានបញ្ជាក់ថា “យើង កំពុងធ្វើការស្រាវជ្រាវ រកពលរដ្ឋ ចំនួន ២៨នាក់ ដែលកំពុងបាត់ខ្លួន ប៉ុន្តែប្រតិបត្តិ ការ ក្នុងការរុករកបានបញ្ចប់នៅថ្ងៃនេះ ។ យើងនឹងបន្តស្រាវជ្រាវ បើសិនជាអាកាស ធាតុអំណោយផល នៅថ្ងៃអាទិត្យ”៕
ប្រែសម្រួល៖ ម៉ែវ សាធី