ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ៊ីឈាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់បានជួបសំណេះសំណាលនិងរៀបចំស្រង់ទឹកទឹក ដុះសម្អាតជើង ជូនដល់លោកយាយលោកតា ដែលមានវ័យចាស់ជរាមានអាយុចាប់ ពី៧០ឆ្នាំឡើងទៅ មកពីតាមបណ្តាឃុំសង្កាត់ទាំង៨ ទូទាំងខេត្តប៉ៃលិន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលប្រកបដោយកាយវិការស្និតស្នាលរាក់ទាក់យ៉ាងកក់ក្តៅនាពេល នោះ លោកជំទាវ បានស្រីមុំ អ៊ីឈាន ក្នុងនាមជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ បានមានប្រសាន៍ថា មូលនិធិនេះបានផ្តួចផ្តើមផុសលេចចេញឡើងពីបណ្តាំផ្ញើដោយសេចក្តីព្រួយបារម្ភគិតគូរដល់សុខភាព និងសុខទុក្ខលោកយាយា លោកតាចាស់ជរាគ្មានទីពឹងពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយលោកជំទាវផ្ទាល់និងឯកឧត្តមអ៊ីឈានក្នុងស្មារតី និងគោលបំណង ដ៏ថ្លៃថ្លាខាងលើនេះ បានផ្តល់ថវិកាផ្ទាល់ខ្លួន របស់លោកនិងសប្បុរសជនមួយចំនួន ដែលមានជំនឿជឿជាក់លើសកម្មភាពមនុស្សធម៌ត្រូវបង្កើតបានជាកញ្ចប់ថវិកាមូលនិធិមួយ ដែលត្រូវបានកំណត់ ឈ្មោះថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ ។
មូលនិធិបានកំណត់គោលដៅចម្បងរបស់ខ្លួនច្បាស់លាស់គឺផ្តល់អាទិភាព លើមនុស្សចាស់ជរាគ្មានទីពឹងក្រីក្រ ឬត្រូវកូនចៅបោះបង់ចោល ហើយមានអាស័យដ្ឋាននៅក្នុងខេត្តប៉ៃលិនតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៧នេះ មូលនិធិគាំទ្រសុខភាព និងសង្រ្គោះបានស្រាវជ្រាវជ្រើសរើស លោកតា លោក យាយ ដែលមានវ័យ ចំណាស់ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ បន្ថែមទៀត ហើយត្រូវឧបត្ថម្ភ ផ្គត់ផ្គង់ថវិកាជាប្រចាំខែ គ្មានកាលកំណត់នោះទេ ។
លោកជំទាវបានស្រីមុំអ៊ីឈាន បានបញ្ជាក់ ថា ការជ្រើសរើស និងការឧបត្ថម្ភថវិកាជាប្រចាំខែ របស់មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ របស់លោកជំទាវ ជូនដល់លោកយាយលោកតាដែលមានវ័យចំណាស់នាពេលនេះនិងចាប់ពីពេលនេះតទៅគឺជាសកម្មភាពមនុស្សធ៌មសុទ្ធសាទមិនប្រកាន់ព៌ណសម្បុរនយោបាយឬ គណបក្សអ្វីឡើយព្រោះថាមនុស្សចាស់លោកមានគុណបំណាច់ធំធេងណាស់ឲក្នុងការជួយអប់រំទូម្មានព្រានប្រដៅដល់កូនចៅជំនាន់ក្រោយៗឲ្យប្រព្រឹត្តិតែ អំពើល្អ។ហើយជាការពិតណាស់សកម្មភាពជួយគ្នាទៅវិញទៅមកបានក្លាយទៅជាប្រពៃណីចែករំលែកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នគឺចែករំលែកពីអ្នកដែលមានលទ្ធភាព ដល់អ្នកដែលខ្វះលទ្ធភាព ដែលគ្មានទីពឹង ហើយដែលកំពុង តែដង្ហោយហៅនូវការជួយឧបត្ថម្ភដើម្បីជីវិតរស់នៅទាំងអស់គ្មាក្នុងសង្គមមួយដែលមាន សមភាព។
បន្ទាប់មកលោកជំទាវបាន ជូនសម្លៀកបំពាក់លោកតាលោកយាយម្នាក់ៗមួយសំរាប់ និងថវិកា១០មឺនរៀល សំរាប់លោកតាលោកយាយមកបើកថវិកាឧបត្ថម្ភ ជារៀងរាល់ខែ ដោយចាប់រាប់ពីខែកុម្ភះនេះតទៅផងដែរ ។ លោកតាលោក យាយទាំងអស់ ដែលបានទទួលការឧបត្ថម្ភថវិកាជារៀងរាល់ខែពីមូលនិធិលោក បានលើក ដៃ បួងសួងដល់គុណបុណ្យបារមីលោកយាយយាត លោកតាយាត បារមីលោកតា ភ្នំខៀវសូមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ឯកឧត្តមអ៊ីឈាន និងលោកជំទាវបាន ស្រីមុំអ៊ីឈាន និងក្រុមការងារមូលនិធិទាំងអស់ អោយបានសេចក្តីសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ៕ ស សារ៉េត