ខេត្តត្បូងឃ្មុំ ៖ ស្រ្តីវ័យ៤៣ឆ្នាំម្នាក់ មិនចេះហែលទឹក ខណៈទៅឃ្វៀលគោបានរអិលជើងធ្លាក់ចូលស្រះទឹក ដែលមានជម្រៅ២,៥០ម៉ែត្រ នៅចំណុចស្រះទឹករបស់ឈ្មោះឡាប ភេទប្រុស ស្ថិតនៅភូមិគោលឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅខាងកើតភូមិ១០០ម៉ែត្រ ។
ហេតុការណ៍នេះមិនមាននរណាម្នាក់បានឃើញទេ ប៉ុន្តែស្រ្តីរងគ្រោះបានទៅឃ្វៀលគោនៅចន្លោះម៉ោង១០-១១ ថ្ងៃត្រង់ទី៤ ខែមេសា ឆ្នាំ២០១៧ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរការពប្រាំបានឲ្យដឹងថា ស្រះទឹកនេះមានទំហំ៥ម៉ែតគុណ១០ម៉ែត្រ និងមានជម្រៅ២,៥០ម៉េត្រ ។ ស្រះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ឡាប ភេទប្រុស ស្ថិតនៅភូមិគោលឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅខាងកើតភូមិ១០០ម៉ែត្រ ។
សមត្ថកិច្ចបន្តថា ស្រ្តីរងគ្រោះឈ្មោះ អុប ស៊ីថា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈទៅឃ្វៀលគោនៅចំណុចខាងលើក៏បានរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់តែម្ដង ។
ក្រោយពេលកើតហេតុជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរការពប្រាំសហការណ៏ជាមួយពេទ្យមណ្ឌលសុខភាពត្រួតពិនិត្យ ឃើញថាស្រ្តីរងគ្រោះពិតស្លាប់ដោយសារលង់ទឹកមែន ។ មិនពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ ៕ វណ្ណះ