ភ្នំពេញ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតី បានយកកាំបិតបុ័នតោកាន់រត់ចូលទៅក្នុងហាងលក់គ្រឿងសមុទ្រ ធ្វើឲ្យភ្ញៀវដែលចូលទៅញាំអីនៅក្នុងហាងនោះ រត់ចែកជើងគ្នា បង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចហាងយីហោ អយស្ទ័រ ហៅស៌ អាហារសមុទ្រស្រស់ តាមបណ្តោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីដែលចូលទៅញុំអាហារនៅក្នុងហាងនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់កំពុងអង្គុយញាំអីនៅក្នុងហាង ស្រាប់តែភ្លាមនោះ យុវជនម្នាក់ញៀនថ្នាំ បានរត់ចូលទៅក្នុងហាងដោយមានកាន់កាំបិតបុ័នតោនៅ និងដៃ ធ្វើឲ្យភ្ញៀវដែលកំពុងញាំអី ក៏ងើបចេញទាំងភ័យខ្លាច ហើយយុវជនដែលកាន់កាំបិតជាប់នឹងដៃរត់ពេញហាង ហើយភ្ញៀវរត់ចេញតែម្តង ព្រោះតែខ្លាចមានគ្រោះដោយសារយុវជននោះ បន្ទាប់មកយុវជនបង្កបានរត់កាន់កាំបិតបុ័ងតោចូលទៅក្នុងបន្ទប់ទឹកបិតទ្វារសម្ងំម្នាក់ឯង ។
ក្រោយពេលភ្ញាក់ផ្អើលនោះ គេឃើញកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ និងមន្រ្តីនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយសម្របសម្រួលដោយនិយាយលួងលោមយុវជនបែកថ្នាំរូបនេះ អស់រយៈពេលជាច្រើនម៉ោងទើបយុវជនបង្កព្រមប្រគល់កាំបិត និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួនផងដែរ ។
បន្ទាប់មកយុវជនបែកថ្នាំរូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដឹកតាមម៉ូតូបញ្ជូនទៅសាកសួរនិង បញ្ជូនបន្តទៅសាលាខណ្ឌដូនពេញដើម្បីទំនាក់ទំនងខាងមន្ទីរសង្គមកិច្ចយកអប់រំ ៕ ស តារា