ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានជនរងគ្រោះឃាត់ប្រគល់ឲ្យសមត្ថកិច្ចនិង២នាក់ទៀតគេចខ្លួនបាត់បន្ទាប់ពីនាំគ្នាព្រួតវាយទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់ខណៈកំពុងអង្គុយលេង កាលពី៦និង៤០នាទីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនបង្កបានរត់គេចខ្លួនបាត់ លុះរហូតមកវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះក៏ប្រទះឃើញជនបង្កនៅក្នុងបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យឈ្មោះជួប មាឃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជូល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនបាត់នោះត្រូវបានគេស្គាល់ទី២ឈ្មោះ ជូ ម៉េង ភេទប្រុស អាយុ២៥ មុខរបកម្មករសំណង់ ឆ្នាំ និងទី៣ឈ្មោះ ជួបមេឃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងឈ្មោះជួប មេឃ ធ្លាប់មានរឿងពីមុនយូរមកហើយ លុះថ្ងៃកើតហេតុរូបគាត់និងប្រពន្ធបានអង្គុយលេងនៅក្នុងផ្សារទួលពង្រ ក្រោយមកស្រាប់តែឈ្មោះជួប មេឃ បាននាំបក្ខពួក២នាក់ផ្សេងទៀតមកព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស។
លុះរហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ខែមេសា ឆ្នាំ២០១៧ ប្រពន្ធជនរងគ្រោះក៏បានឃើញជនដៃដល់នៅក្នុងបន្ទប់ជួលរបស់គេទើបហៅបងប្អូនមកឃាត់ខ្លួននិងប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានព្រួតវាយទៅលើជនរងគ្រោះពិតមែន។ បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕ សុខាសែនជ័យ