ភ្នំពេញ៖ អាជ្ញាធរសាលារាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋ និងកងកម្លាំងសន្តិសុខទាំងអស់ប្រុងប្រយ័ត្ននូវគ្រោះអគ្គិភ័យ ដែលនឹងអាចកើតឡើងក្នុងអំឡុងប្រជាពលរដ្ឋទូទាំងប្រទេសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងពិធីសូត្រមន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ បានព្រមានថា គ្រោះអគ្គិភ័យនឹងអាចកើតមានជាយថា ហេតុក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ បើសិនជាប្រជាពលរដ្ឋធ្វេសប្រហែស ជាមួយនឹងភ្លើងធូប ទាន ដែលដុតសែនព្រេនទេវតា។ លោកឲ្យដឹងថា ក្នុងអំឡុងពិធីប្រពៃណីជាតិនេះ នឹងមានដាក់កងកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ប្រចាំការ២៤ម៉ោង នៅគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការពារ និងអន្តរាគមន៍ចំពោះការកើតមានឡើងនូវបញ្ហាអសន្តិសុខផ្សេងៗ។
មហាសង្រ្កានឆ្នាំថ្មី ឆ្នាំនេះ នឹងចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង៣និង១២នាទីយប់ ដែលជាការប្តូរវេនពីឆ្នាំវក ចូលឆ្នាំរកា តាមដំណើរចន្ទគតិ។
រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា នៃពិធីបុណ្យប្រពៃណីជាតិ សាលារាជធានីភ្នំពេញ បានរៀបចំសង្រ្កានទទួលទេវតា ឆ្នាំថ្មី នៅរមណីយដ្ឋានវត្តភ្នំ ជាមួយនឹងការរៀបចំឲ្យមាននូវល្បែងប្រជាប្រិយខ្មែរចំនួន១៦ប្រភេទ ដើម្បីបង្កលក្ខណៈជូនពលរដ្ឋក្នុងរាជធានីដែលមិនបានចាកចេញទៅស្រុកកំណើត និងទេសចរបរទេសចូលរួមលេងកម្សាន្តសប្បាយ។
ទន្ទឹមគ្នានេះកម្លាំងចម្រុះក៏នឹងត្រូវដាក់ពង្រាយនៅតាមគោលសំខាន់ៗមានដូចជា ទីវត្តអារាម រមណីយដ្ឋាន សួនកម្សាន្ត ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ផ្នែកការពារសន្តិសុខសណ្តាប់ធ្នាប់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ គណៈអភិបាលថ្នាក់ដឹកនាំ និងមន្ត្រីសាលារាជធានីភ្នំពេញបានធ្វើពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ដើម្បីបួងសួងសុំពរជ័យ សេចក្តីសុខភាពចម្រុងចម្រើនពីទេវតា ព្រះនាម កិមិរាទេវី ដែលយាងចុះមកថែរក្សាទឹកដី និងមនុស្សលោក។ ជាមួយគ្នានេះក៏បានធ្វើពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃដើម្បីឧទ្ទិសមគ្គផលដល់ដួងវិញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅក្នុងបុព្វហេតុជាតិមាតុភូមិ៕ សំរិត
...