ចាញ់បោកមិត្តភក្តិអស់ម៉ូតូ១គ្រឿង បំភ្លៃសមត្ថកិច្ចថាចោរប្លន់ យកទៅធ្វើតេស្តទឹកនោមទើបដឹងថាមានសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខស្ទើរតែវិលក្បុង កាលបើមានបុរសម្នាក់បំភ្លៃការពិតថាមានចោរប្លន់ម៉ូតូនៅកណ្តាលថ្ងៃត្រង់ក្នុងសង្កាត់ទឹកថ្លានាថ្ងៃទី៦ ខែ មេសា ឆ្នាំ២០១៧ លុះពេលស្រាវជ្រាវអស់រយៈពេលច្រើនម៉ោងទើបដឹងថា បុរសនេះបំប៉ោងសភាពការណ៍ទាំងដុល ការពិតមិនមានករណីចោរប្លន់ម៉ូតូស្អីនោះទេ គឺបុរសនេះទៅជក់គ្រឿងញៀន ហើយត្រូវបានមិត្តភក្តិខ្ចីម៉ូតូជិះទៅបាត់ប៉ុណ្ណោះ ។

លោកអនុសេនីយ៍ឯក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា សមត្ថកិច្ចរបស់លោក ពិតជាឈឺក្បាលនឹងបុរសឈ្មោះយ៉យ រ៉ូយ៉ាល់ ដែលបំប៉ោងសភាពការណ៍ថាកើតមានករណីប្លន់ម៉ូតូរបស់ គេនៅចំណុចផ្លូវលំ ភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ លុះពេលកម្លាំងរបស់លោក និងកម្លាំងនគរ បាលខណ្ឌសែនសុខស្រាវជ្រាវនិងដេញដោលបុរសនេះយូរទៅទើបគេសារភាពថា ខ្លួនបានចាញ់បោកមិត្តភក្តិដែលគេនាំទៅជក់ថ្នាំញៀនរួចមិត្តភក្តិម្នាក់នោះខ្ចីម៉ូតូជិះទៅក្រៅមួយភ្លែតស្រាប់តែទៅបាត់រហូតតែម្តង ។

យ៉យ រ៉ូយ៉ាល់ បានសារភាពទៀតថា ក្រោយពេលចាញ់បោកមិត្តភក្តិអស់ម៉ូតូមួយគ្រឿងរួចមក ខ្លួនគេ ខ្លាចទៅដល់ផ្ទះវិញ ឪពុកម្តាយស្តីបន្ទោសក៏ប្រើវិធីបំភ្លៃការពិតទៅជារឿងចោរប្លន់ម៉ូតូតែម្តងទៅ ហើយ ដោយសារបុរសនេះសារភាពបែបនេះទើបសមត្ថកិច្ចយករូបគេទៅធ្វើតេស្តទឹកនោមឃើញមានសារ ធាតុញៀននៅជាប់ខ្លួន ក៏ឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តងទៅ ។

សូមរំលឹកថា វេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានការភ្ញាក់ផ្អើលមួយថាមានករណីក្រុមចោរធ្វើសកម្មភាពភ្ជង់ ប្លន់យកម៉ូតូទាំងថ្ងៃរបស់ឈ្មោះ យ៉យ រ៉ូយ៉ាល់ ភេទប្រុស អាយុ២២ឆ្នាំ មុខ របរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ១២១៥ ពណ៌ ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1X-6153 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់លេច មុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ជិះ ម៉ូតូ១គ្រឿងម៉ាកហុងសេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខតាមមកពីក្រោយរួចជិះមក ពាំងពីមុខហើយជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានចុះពីលើម៉ូតូដកអាវុធខ្លីមិនស្គាល់ម៉ាក១ដើមមកភ្ជង់គំរាមយកម៉ូតូរបស់គាត់ហើយក្រុមជនសង្ស័យបាននិយាយថា កុំស្រែកបើហ៊ានស្រែកគេនិងបាញ់សម្លាប់ចោល។ ជនរងគ្រោះបន្តទៀតថាពេលនោះរូបគាត់មានការភិតភ័យខ្លាំងក៏ប្រគល់ម៉ូតូឲ្យទៅក្រុមជនសង្ស័យតាមសម្រួលតែម្តង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដែល ប្លន់បាននោះទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះបានរត់ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ។ ចំណែកនគរបាលប៉ុស្តិ៍ទឹកថ្លាវិញពេលដែលចុះទៅដល់កន្លែងកើតហេតុបាននិយាយថាសង្ស័យមិនមែនករណីប្លន់ទេគឺប្រហែលជាជនរងគ្រោះចាញ់បោកគេហើយបំភ្លៃថាជាករណីប្លន់ទៅវិញហើយទីបំផុតទើបស្រាវជ្រាវដឹងការពិតរឿងនេះដូចសមត្ថកិច្ចសន្និដ្ឋានមិនខុសមែន ៕ តុង សីហា

...

tong (4) tong (9) tong (3) tong (6) tong (8)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print