ប្រទេសថៃ៖ កីឡាករចំបាប់កម្ពុជា ដណ្តើមបានមេដាយចំនួន៤គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ានដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះគិតត្រឹមល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ។
លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុម ជម្រើសជាតិកីឡាចំបាប់បានបញ្ជាក់តាមបណ្តាញទំនាក់ទំនង សង្គមថា កីឡាករ ចំបាប់កម្ពុជាដែលដណ្តើមបានមេដាយនោះមានកីឡាករ ងួន មករា និងកីឡាករ ហេង វុទ្ធី ។ ក្នុងនោះកីឡាករ ងួន មករា ប្រកួតលើប្រភេទទម្ងន់៧៤គីឡូក្រាម ដណ្តើមបានមេដាយសំរឹទ្ធិលើវិញ្ញាសា ចំបាប់ក្នុងសាល និងដណ្តើមបានមេដាយប្រាក់ប្រភេទទម្ងន់៨០គីឡូក្រាមលើវិញ្ញាសាចំបាប់ឆ្នេរខ្សាច់ ដោយប្រកួតចាញ់ កីឡាករមកពីប្រទេសវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ ។
ចំណែកឯកីឡាករ ហេង វិទ្ធី ដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿង ដោយ មេដាយសំរឹទ្ធិ១គ្រឿងដណ្តើមបានលើ ប្រភេទទម្ងន់៨៤គីឡូក្រាមចំបាប់ក្នុងសាល និងមេដាយសំរិទ្ធិ១គ្រឿងទៀត ដណ្តើមលើវិញ្ញាសាប្រកួតចំបាប់លើឆ្នេរ ខ្សាច់ប្រកួតក្នុងប្រភេទទម្ងន់៨០គីឡូក្រាម ។
លោកកាង ដែនពិសិដ្ឋ បានបញ្ជាក់ ទៀតថា សម្រាប់ព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯកយុវជន អាស៊ាននៅប្រទេសថៃនេះសម្រាប់កម្ពុជានៅសល់២រូបទៀតគឺ កីឡាការិនី យន់ ដានី ប្រកួតវិញ្ញាសាចំបាប់ក្នុងសាលប្រភេទទម្ងន់៤៨គីឡូក្រាម និង កីឡាករ ឈឿន ឈាង ប្រកួតវិញ្ញាសាចំបាប់ លើឆ្នេរខ្សាច់ប្រភេទទម្ងន់៦០គីឡាក្រាមចុះក្រោមនឹងត្រូវប្រកួតនៅថៃ្ងបញ្ចប់សម្រាប់ព្រឹត្តិការណ៍ខាងលើដែលធ្វើនៅប្រទេសថៃ ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកចំបាប់១០រូបចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាចំបាប់ជើងឯកយុវជនអាស៊ានមាន ដូចជាកីឡាករ ឆាំ ពិស៊ិន ដែលប្រកួត ក្នុងទម្ងន់៧៤គីឡូក្រាម និងហេង វុទ្ធី ទម្ងន់៨៤គីឡូក្រាម ត្រូវប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំង។
ចំណែកកីឡាករ សឿន សុភាស់ ទម្ងន់ ៥៥គីឡូក្រាម, យុន បូណា ទម្ងន់៦០ គីឡូក្រាម, ជា យិននាង ទម្ងន់៦៦គីឡូ ក្រាម, ងួន មករា ទម្ងន់៧៤គីឡូក្រាម, ឈឿន ឈាង ទម្ងន់៦០គីឡូក្រាម ព្រមទាំងកីឡា ការិនី យុន ដានី ទម្ងន់៤៨គីឡូក្រាម, អេង សេងលាង ទម្ងន់៥១គីឡូក្រាម និងកីឡា ការិនី ឌន ស្រស់ ទម្ងន់៥៩គីឡូក្រាមត្រូវប្រកួតចំបាប់សេរី។ ដោយឡែកកីឡាករ ងួន មករា, ហេង វុទ្ធី, យុន បូណា និង ឆាំ ពិស៊ិន ក៏បានដាក់ឲ្យប្រកួតចំបាប់ឆ្នេរខ្សាច់ផងដែរ ៕ សារីម