ភ្នំពេញ៖ សន្តិសុខម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងស្រ្តីអនាម័យម្នាក់រងបួសធ្ងន់បាក់ជើងត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ កែងផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជាច្រើននាក់ដើរចេញទៅហូបបាយ បានប្រមាណ១៥នាទីក្រោយក៏ឭសម្លេងផ្ទុះយ៉ាងខ្លាំងចេញពីខាងក្នុងរោងចក្រនេះ ហើយចំណីដែកដំថ្មបានខ្ទាតឆ្ងាយទៅត្រូវផ្ទះពលរដ្ឋកែ្បរខាង។ ឆ្អឹងដែកខ្លះ បានខ្ទាតរហូតចម្ងាយជិត១០០ម៉ែត្រពីរោងចក្រនោះ បង្កការភ្ញាក់ផ្អើល។
ស្ត្រីម្នាក់ជាអ្នកមើលការខុសត្រូវនៅរោងចក្របាននិយាយថា រោងចក្រនេះបោះពុម្ព សម្លៀកបំពាក់ ហើយទើបតែបើកដំណើរការបាន១សប្តាហ៍ប៉ុណ្ណោះ។ ស្ត្រីដដែលនិយាយថា បើគិតទៅបើកដំណើរការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧នេះ។ ចំពោះករណីផ្ទុះឡកំដៅនេះ ស្ត្រីរូបនេះបានបដិសេធមិនដឹងមូលហេតុនោះទេ។
សមត្ថកិច្ចបាននិយាយថា ក្រោយកើតហេតុមេការទទួលខុសត្រូវទំនងអាចរត់គេចខ្លួនបាត់អស់។ ព្រោះថាករណីនេះសន្តិសុខម្នាក់បានស្លាប់ និងស្ត្រីអនាម័យម្នាក់បានរងរបួសបាក់ជើងផងដែរ។ សមត្ថកិច្ចបានបន្តថា រោងចក្រនេះមានកម្មករ២០នាក់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី ក្រុមសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ និងឆ្វែងរកអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ៕ តាឡឹម