ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ និងមន្ត្រីគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុករមាសហែក ខេត្តស្វាយរៀង នៅភូមិអភិវឌ្ឍន៍សម្តេចអន្លង់ជ្រៃ ខេត្តត្បួងឃ្មុំ។
នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចចក្រី បានរំលឹកពីប្រវត្តិតស៊ូ និងអនុស្សាវរីយ៍ ជាមួយ សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចវិបុលភក្តី សាយ ឈុំ សម្តេចវិបុលបញ្ញា សុខ អាន និងថ្នាក់ដឹកនាំគណបក្សដទៃទៀត រួមទាំងបងប្អូនរស់នៅជុំវិញភូមិសាស្រ្តនេះ បងប្អូនអ្នកស្រុកចំចាយមារ ស្រុករមាសហែក ។
ដោយសារតំបន់ភូមិសាស្រ្ត យុទ្ធសាស្រ្តទាំងបីស្រុកនេះហើយ ដែលធ្វើអោយសម្តេចសម្រេចចិត្តកសាងផ្ទះជូនប្រជាជនក្រីក្រ ប្រមាណជាង ២០០ខ្នង នៅតំបន់យុទ្ធសាស្រ្តនេះ ផ្ទាល់តែម្តង។ បច្ចុប្បន្នតំបន់នេះ បានប្រែក្លាយជាតំបន់ទេសចរណ៍ និងរម្មរណីដ្ឋានលំហែកម្សាន្ត សប្បាយរីករាយរបស់បងប្អូនទាំងបីខេត្ត រួមទាំងខេត្តនានា ក្នុងឱកាសពិធីបុណ្យជាតិ ថ្ងៃសម្រាកចុងសប្តាហ៍ផងដែរ ហើយសម្តេចតែងតែបង្កើតអោយ មានពិធីជួបជុំនេះជារៀងរាល់ឆ្នាំ ។
ទីបញ្ចប់ សម្តេចចក្រី បានប្រសិទ្ធិពរនិងជូនពរ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីខ្មែរ ឲ្យបងប្អូន កូនក្មួយ ជួបតែសេចក្តីសុខសប្បាយ សុភមង្គល និងប្រកបការងារអ្វីសម្រេចបានដូចក្តីប្រាថ្នា ជាពិសេសរាល់ការធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនាពេលដ៏ខ្លីខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕