ភ្នំពេញ៖ សិល្បករផលិតករទាក់ទងនិងវិស័យភាពយន្តបានជួបជុំគ្នាជាថ្មីម្តងទៀតកាលពីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៥ដើម្បីជំរុញឲ្យរដ្ឋាភិបាល ពិសេសស្ថាប័នពាក់ព័ន្ធធ្វើការជំរុញឲ្យកម្មភាពផលិត និងចាក់បញ្ចាំងភាពយន្តខ្មែរមានសន្ទុះឡើងវិញ ។
កម្មវិធីត្រូវបានធ្វើឡើងស្របពេលដែលខ្សែភាពយន្តបរទេសជាច្រើនបាននឹងកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នានាខណៈដែលខ្សែភាពយន្តខ្មែរនៅមានទំហំតិចតួចនៅឡើយ ។
ប្រធានសមាគមភាពយន្តកម្ពុជាលោក ឆាយ បូរ៉ា បានបញ្ជាក់ថា ការចាក់បញ្ចាំខ្សែភាពយន្តបរទេសដ៏ច្រើនលើសលុបលើកញ្ចាក់ទូរទស្សន៍បច្ចុប្បន្ន បាននឹងកំពុងធ្វើឲ្យផលិតករសិល្បករបាត់បង់អាជីពជាបណ្តើរៗឈានទៅរកការបិទផលិតកម្មទាំងស្រុង។ លោកបញ្ជាក់ថា ស្ថានីយទូរទស្សន៍បានលើកឡើងថានឹងបាត់បង់ប្រាក់ចំណូលប្រសិនបើមិនចាក់បញ្ចាំងខ្សែភាពយន្តបរទេស ព្រោះខ្សែភាពយន្តខ្មែរមានអ្នកទស្សនាតិចតួចនិងធ្វើឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មធ្លាក់ចុះ ។
លោកថា ក្រៅពីមូលហេតុនេះគឺការផលិតខ្សែភាពយន្តក្នុងស្រុកមានតម្លៃថ្លៃជាងការទិញខ្សែភាពយន្តបរទេស។ ទោះជាយ៉ាងណាលោកស្នើឲ្យស្ថានីយទូរទស្សន៍និងស្ថាប័នពាក់ព័ន្ធ ធ្វើការពិចារណាឡើងវិញអំពីគុណវិបត្តិនៃការចាក់បញ្ចាំងខ្សែភាពយនុ្តបរទេស។ លោកថា វាមានផលអវិជ្ជមានច្រើនដែលខ្សែភាពយន្តបរទេសដាក់បញ្ចាំងហើយខ្សែភាពយន្តខ្មែរត្រូវបានផ្អាក ដែលការប៉ះពាល់មានទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌និងការអប់រំជាដើម។ លោកថាការចាក់បញ្ចាំងខ្សែភាពយន្តបរទេសច្រើនលើសលប់នេះនឹងធ្វើឲ្យយុវជនជំនាន់ក្រោយភ្លេចអស់នូវអ្វីដែលជារបស់ខ្មែរ ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានលើកឡើងក្នុងពិធីនេះដែរថា ការចាក់បញ្ចាំងខ្សែភាពយន្តបរទេសលើលុបលើកញ្ចក់ទូរទស្សន៍អាចនឹងធ្វើឲ្យសិល្បករបាត់បង់អាជីព ផលិតករផ្អាកការផលិត។ លោកថាសិល្បករជើងចាស់ជាច្រើនក៏កាន់តែបាត់បង់ការងារនាំឲ្យពួកគាត់មិនមានលទ្ធភាពមើលថែទាំជំងឺខ្លួនឯងនៅពេលពួកគាត់មានជំងឺនិងបាត់បង់សមត្ថភាព។ លោកស្នើឲ្យស្ថាប័នពាកព័ន្ធធ្វើការត្រួតពិនិត្យឡើងវិញអំពីម៉ោងចាក់ផ្សាយខ្សែភាពយន្តនិងកម្មវិធីដែលយកមកពីបរទេសដែលគួរតែរំកិលទៅម៉ោងផ្សេងក្រៅពីម៉ោងពិសេស ។
ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿនបញ្ជាក់ថាប្រជាជនកម្ពុជាបច្ចុប្បន្នទស្សនាទូរទស្សន៍មានប្រមាណ៨លាននាក់ ក្នុងនោះមានយុវវ័យប្រមាណ៦លាននាក់។ លោកថា ការចាក់បញ្ចាំងខ្សែភាពយន្តបរទេស អាចនឹងជះឥទ្ធិពលខ្លាំងសម្រាប់យុវវ័យ ហើយពួកគេអាចចម្លងយកវប្បធម៌បរទេសមិនល្អមួយចំនួន។ លោករំពឹងថាស្ថាប័នពាក់ព័ន្ធនឹងជួយជំរុញស្ថានភាពវិស័យភាពយន្តខ្មែរឲ្យកាន់តែមានភាពល្អប្រសើរជាងនេះ ។
អ្នកស្រីថុង ស៊ីវ ទៀង អគ្គនាយិការផលិតកម្មចក្រវាឡបានបញ្ជាក់ថា សិល្បករផលិតករនៅកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាព ទេពកោសល្យល្អ ដែលអាចផលិតខ្សែភាពយន្តដែលមានគុណភាពអាចទទួលយកបាន។ លោកស្រីបញ្ជាក់ដែរថា ការផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរជំនួសដោយខ្សែភាពយន្តបរទេសនោះបានធ្វើឲ្យសិល្បករ និងផលិតករបាក់ទឹកចិត្តដូចនេះលោកស្រីស្នើដល់រដ្ឋាភិបាលពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈមេត្តាជួយយកចិត្តទុកដាក់អំពីស្ថានភាពខ្សែភាពយន្តខ្មែរលើកញ្ចក់ទូរទស្សន៍ផង ។
តារាជើងចាស់ អ្នកស្រីឌី សាវ៉េត បានលើកឡើងថា សេនាធិការរបស់រដ្ឋាភិបាលគឺក្រសួងវប្បធម៌ជាអ្នកមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យបញ្ហាខាងលើ។ លោកស្រីបានចាត់ទុកការហូរចូលយ៉ាងគំហុកនៃខ្សែភាពយន្តបរទេសថា ជារឿងគួរឲ្យខ្លាច និងគួរតែជៀសវាង។ ទោះជាយ៉ាងណាលោកស្រីក៏ស្នើឲ្យសិល្បករខ្លួនឯងផ្ទាល់រួមគ្នាពង្រឹងសមត្ថភាព បង្កើនការតស៊ូក្នុងជីវិតរុលទៅមុខតាមតែអាចធ្វើទៅបាន ។
តារាសម្តែងប្រុស ហម ឈរ៉ាបានពោលទាំងក្តុកក្តួលនិងសម្រក់ទឹកភ្នែកថា ការបាត់បង់ឱកាសការងារនៅក្នុងស្រុកគឺជាមូលហេតុមួយសំខាន់ដែលធ្វើឲ្យជីវភាពពួកគាត់កាន់តែយ៉ាប់យ៉ឺនរហូតមានសិល្បករវ័យចំណាស់មួយចំនួនសុខចិត្តលើកដៃសុំថវិកាពីសប្បុរសជនដើម្បីបន្តព្យាបាលជំងឺនិងរស់នៅយ៉ាងត្រដរ។ លោកថាការផលិតកម្មវិធីនិងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរលើកញ្ចក់ទូរទស្សន៍ឲ្យបានច្រើនគឺជាផ្លូវមួយសំខាន់ដើម្បីឲ្យសិល្បករផលិតករបន្តរស់នៅឲ្យមានជីវភាពមួយសមរម្យ ៕
ដោយ៖ វឌ្ឍនា