ខេត្តស្វាយរៀង៖ បេសកម្មក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការលុបបំបាត់ជំងឺក្លនបានទៅដល់មន្ទីរពេទ្យហើយ ដើម្បីពិនិត្យជំងឹក្លនជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានប្រមាណជិត៧០០នាក់ ។
ការចុះពិនិត្យ និងវះកាត់ជំងឺក្លនរបស់ក្រុមគ្រូពេទ្យសម្ដេចតេជោនេះ បានធ្វើឡើងរយះពេល៤ថ្ងៃ កាលពីព្រឹកថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ។ សម្រាប់ថ្ងៃទី២ ២ខែសីហា ឆ្នាំ២០១៥នេះដែរ លោកជំទាវម៉ែន សំអន ប្រធានក្រុមការងារបស់គណបក្សប្រជាជន ចុះជួយខេត្តស្វាយរៀង ក៏បានចុះសួរសុខទុក្ខ និងសំណេះសំណាលដល់អ្នកជំងឺសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដួចជាអ្នកកើតជំងឺក្លន ដែលត្រូវការវះកាត់ដោយគ្រូពេទ្យស្មគ្រ័ចិត្ត សម្ដេចតេជោ ព្រមទាំងមានការចូលរួមពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ន្តផងដែរ ។
ក្នុងឪកាសនោះដែរ លោកជំទាវម៉ែន សំអន ប្រធានក្រុមការងារបស់គណបក្សប្រជាជន ចុះជួយខេត្តស្វាយរៀង បានមានប្រសាសន៏ថា ក្នុងនាមលោកជំទាវ ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោហ៊ុន សែន ដែលតែងតែចុះពិនិត្យជំងឺដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយក្នុងការចុះពិនិត្យជំងឺនេះ មិនមែនជាលើកទីមួយទេ គឺក្រុមគ្រូពេទ្យស្មគ័្រចិត្ត បានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋជាញឺកញាប់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តែងតែអំពាវនាវ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅក្រៅប្រទេស សូមមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ហើយជាការឆ្លើយតបនោះ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តបរទេស ក៏បានឆ្លើយតបមកពិនិត្យជំងឺ និងព្យាបាលបានជាច្រើនលើកផងដែរ ។
លោកជំទាវ ម៉ែន សំអន ក៏បានបន្តទៀតថា នៅខេត្តស្វាយរៀង គឺមានក្រុមគ្រូពេទ្យ នៅក្រៅមកពិនិត្យព្យាបាលជំងឺបានជាច្រើនលើក ដូចជាក្រុមគ្រូពេទ្យស្មគ្រ័ចិត្តអូស្ត្រាលី អាមេរិក វៀតណាម កាណាដាជាដើម ហើយលោកជំទាវក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យ ដោយហូបស្អាត ផឹកស្អាត ព្រោះកាលណាយើងមានជំងឺហើយ ការងារអ្វីៗក៏មិនអាចដំណើរបានទៅមុខរួចឡើយ ។
បន្ទាប់មក ក៏មានពិធីចែកវ៉ែនតា និងសារ៉ុង ក្រម៉ា ព្រមទាំងថវិកាមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន ដល់អ្នកមកព្យាបាលជំងឺផងដែរ ៕
ដោយ៖ យឹម សុថាន