ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរមកទស្សនាតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ១៤៣.៥៩៧នាក់ មានការកើនឡើង ១០.៤ភាគរយ បើប្រៀបធៀបទៅនិងពិធីបុណ្យឆ្នាំចូលឆ្នាំ២០១៦កន្លងមក ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣៨.០៥១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥.៥៤៦នាក់ ។
ក្នុងចំណោមភ្ញៀវទេសចរជាង១៤៣៥៩៧នាក់ មានភ្ញៀវទេសចរចូលតាមប្រលានយន្តហោះអន្តរជាតិកងកេងចំនួន១៧ជើងហោះហើរ មានភ្ញៀវសរុប ១.៤៣៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៦៤៣នាក់ និងអន្តរជាតិមានចំនួន៧៩៦នាក់ ។
ភ្ញៀវទេសចរធ្វើដំណើរតាមនាវាទៅកម្សាន្តតាមកោះនានាពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹមមានចំនួន១៣៦ជើងនៃការដឹកជញ្ជូនតាមនាវាដែលមានល្បឿនលឿនមានភ្ញៀវសរុបចំនួន ៨.៤៥៥នាក់ ស្រី ៤.៤២៤នាក់ ភ្ញៀវជាតិចំនួន ៤.៣៤៨នាក់ ស្រី២.២៨៧នាក់ អន្តរជាតិចំនួន ៤.១០៧នាក់ ស្រី២.១៣៧នាក់ ។ ភ្ញៀវទេសចរទស្សនាតាមរមណីយដ្ឋាននានាមានចំនួនសរុប ១៦.៥៩៧នាក់ ភ្ញៀវជាតិមានចំនួន ១៦.៤៤៣នាក់ អន្តរជាតិមានចំនួន៦៤៣នាក់ ក្នុងនោះតាមរមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានចំនួន ៧.១១៩នាក់ អន្តរជាតិ១០២នាក់ ។ រមណីយដ្ឋានពិកនិច ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានចំនួន ៣.៩០០នាក់ ស្រី ១.៥៦០នាក់ អន្តរជាតិមានចំនួន ៣៩០នាក់ ស្រី១៣៦នាក់ ។ តំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុភ្ញៀវទេសចរមានចំនួន ៥.៥៧៨នាក់ អន្តរជាតិ ២.៥១០នាក់ ។
លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងបន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ទទួលបានលទ្ធផលល្អប្រសើរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមអបអរសាទរសប្បាយ រីករាយមកលេងកម្សាន្តខេត្តព្រះសីហនុ យ៉ាងច្រើនកុះករទោះបីជាមានបញ្ហារត្អូញត្អែលើការឡើងថ្លៃសេវាស្នាក់នៅ ការហូបចុក និងសេវាកម្មខ្លះៗក៏ដោយ ។ ទន្ទឹមនេះមន្ទីរទេសចរណ៍បានធ្វើការផ្សព្វផ្សាយដល់បងប្អូនអាជីវករ ពាណិជ្ជករ ម្ចាស់ផ្ទះសំណាក់ សណ្ឋារគារ ឱ្យអាជីវករដាក់បង្ហាញតំលៃជូនភ្ញៀវ ប៉ុន្តែចំពោះសេវាស្នាក់នៅជាពិសេសផ្ទះសំណាក់ទោះបីជាមន្ទីរទេសចរណ៍បានសហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍បានធ្វើការផ្សព្វផ្សាយណែនាំ ចុះធ្វើកំណត់ហេតុណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងត្រូវតែដាក់បង្ហាញតម្លៃឲ្យភ្ញៀវបានដឹង តែមានផ្ទះសំណាក់តែប្រមាណ ៣០%ប៉ុណ្ណោះដាក់បង្ហាញតម្លៃ សម្រាប់ឱ្យភ្ញៀវទេសចរទទួលយកបាន ។
លោកបានបន្តថា បច្ចុប្បន្នភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុ ចាប់អារម្មមាណ៍ទៅកម្សាន្តតាមបណ្ដាកោះមួយចំនួន ក្នុងចំណោមកោះទាំង៣២ របស់ខេត្តព្រះសីហនុ ហើយកោះមួយចំនួនត្រូវបានរៀបចំកែលម្អ ប្រែក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ មានដូចជាកោះរុងសន្លឹម ភូមិសុខសាន្ត កោះឫស្សី កោះព្រឺង កោះក្របី និងនៅមានកោះជាច្រើនផ្សេងទៀតដែលត្រូវបានទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត ម្យ៉ាងទៀតការធ្វើដំណើរតាមផ្លូវសមុទ្រមានផាសុខភាពធានាបាននូវសុវត្ថិភាព និងចំណាយពេលវេលាត្រឹមតែ៤០ ទៅ៤៥នាទីដល់គោលដៅ និងអាចត្រឡប់មកកាន់ដីគោកបានទាន់ពេលវេលា ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ២០១៧ នេះ អាជ្ញាធរខេត្តក៌ដូចអាជ្ញាធរក្រុងបានកែរលម្អសោភ័ណភាពមួយចំនួនក្នុងខេត្ត ព្រមទាំងបើកកម្មវិធីនិរតីសង្ក្រានលើកទី២ ឆ្នាំ២០១៧នៅឆ្នេរអរូឈើរទាល និងនៅតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ និងមានលេងល្បែងប្រជាប្រិយ៍នៅតាមទីវត្តអារាមនានា បង្កើតឱ្យមានព្រិត្តិការណ៍ជាច្រើនទៀតសម្រាប់ឱ្យភ្ញៀវទេសចរលេងសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៧ ផងដែរ ៕ ឆ្លាម សមុទ្រ
...