ខេត្តត្បូងឃ្មុំ ៖ ជនកំណាចពីរនាក់ឪពុកកូន និងបក្ខពួកមួយក្រុមបានធ្វើសកម្មភាពកាប់ប្រហារដោយដាវទៅលើជនរងគ្រោះចំនួនពីរនាក់បណ្តាលឲ្យរងរបួសជាទម្ងន់ ក្នុងនោះមានជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ដោយសារមុខរបួសធ្ងន់ធ្ងរនិងសង្ឃឹមរស់មានជីវិតតិចបំផុត ។
ហេតុការនេះកើតឡើងនៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ។
អធិការនគរបាលក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា មានករណីហឹង្សាមានស្ថានទម្ងន់មួយកេីតឡេីងបង្កដោយ ឈ្មោះ ហ៊ុល សុខា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិថ្នល់ថ្មី សង្កាត់សួង ក្រុងសួង និង ឈ្មោះ ខា ខាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាមួយគ្នា (ជាឪពុក និងកូន) និងបក្សពួកបានធ្វេីសកម្មភាពកាប់ដោយដាវទៅលេីទី១ ឈ្មោះ អ៊ុំ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទួលទ្រាជេីង ឃុំជុប ស្រុកត្បួួងឃ្មុំ បណ្តាលអោយរងរបួសក្បាលនិងកញ្ជឹងក ធ្ងន់ធ្ងរ សង្ឃឹមរស់តិចបញ្ជូនទៅសង្រ្គោះប្រទេសវៀតណាម ទី២ ឈ្មោះ ឆាន សុភក្រ័ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជុប ស្រុកត្បូងឃ្មុំ បណ្តាលអោយរងរបួសក្បាលធ្ងន់ធ្ងរ ។
លោកបន្តឲ្យដឹងថា ក្រោយកេីតហេតុសម្មត្ថកិច្ចនគរបាលក្រុងសួងយេីងបានឃាត់ ខ្លួនឈ្មោះ ខា ខាវ ជាកូនរួមនិងវត្ថុតាងដាវ ១ដេីម ដើម្បីចាត់ការតាមនិតិវិធីចំណែកឪពុក ឈ្មោះ ហ៊ុល សុខា ជាជនដៃដល់ដែរនិងបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួននិងកំពុងតាមចាប់ខ្លួនផងដែរ។
លោកអធិការក៏បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឈានទៅប្រើអំពើហឹង្សារនេះគឺ បណ្តាលមកពីភាគីបង្កយកដុំថ្មគប់ ទៅលើអ្នករងគ្រោះដែលកំពុងដេីរលេងជាក្រុមប្រហែលគ្នា២០ នាក់ ហើយខាងរងគ្រោះសួរនាំ ក្រុមបង្កក៏ទៅយកដាវមកកាប់តែម្តង ៕ វណ្ណះ