ភ្នំពេញ៖ ស្រ្តីវ័យ៦២ឆ្នាំម្នាក់ត្រូវបានយុវជនបើកម៉ូតូយ៉ាងលឿនបុកបណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ រួចបានបាត់បង់អាយុជីវិតដោយសារតែរងរបួសធ្ងន់ធ្ងរ ខណៈជនរងគ្រោះឆ្លងពីជញ្ជើមផ្លូវម្ខាងមកកាន់ចំណែកជញ្ជើមផ្លូវម្ខាងទៀត។ ប៉ុន្តែជនបង្កដែលបើកម៉ូតូបុកស្រ្តីរងគ្រោះ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើជើងបានកើតឡើងវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខកន្លែងលាងម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ជនបង្កដែបើកម៉ូតូបុកស្រ្តីរងគ្រោះឈ្មោះ កែង រា៉នី ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិព្រែកជីក ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែកស្រ្តីរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ជិន សុខជា អាយុ៦២ឆ្នាំ មានស្រុកកំណើតភូមិផ្សារក្រោម ឃុំចុងកោះ ស្រុក-ខេត្តកំពង់ឆ្នាំង រងរបួសបែកក្បាល និងបែកប្លោកនោម ហើយសាកសពត្រូវបានយកមករក្សាទុកនៅក្នុងបរិវេនវត្តទួលអស់លោកដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។
ម៉ូតូបង្កដែលសមត្ថកិច្ចដក់ហូតម៉ាក យាម៉ាហា សេរ៉ូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1CC-5658 ដើម្បីប្រគលឲ្យសមត្ថកិច្ចជំនាញទាំងអ្នកបើកបរបង្កផងដែរ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុស្រ្តីរងគ្រោះបានដើរឆ្លងផ្លូវពីចំណែកម្ខាងមកចំណែកម្ខាងទៀត(ពីកើតមកលិច)។ លុះមកដល់ជិតជញ្ជើមផ្លូវ ស្រាប់តែឃើញម៉ូតូបង្កជិះគ្នា២នាក់ ដោយមានបាវដាក់កណ្តាលលើបណ្តើយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើងបុកស្រ្តីរងគ្រោះពេញទំហឹងបណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ រួមម៉ូតូក៏បានដួលទាំងអ្នកបើកបរនឹងអ្នករួមដំណើរ។ ខណៈកើតហេតុភ្លាម អ្នករួមដំណើរក៏បានស្ទុះរត់គេចខ្លួនបាត់ អ្នកបើកម៉ូតូបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច រីឯក្នុងបាវបើកមើលឃើញសត្វឆ្កែ២ក្បាលដែលគេសង្ស័យថា អ្នកទាំង២អាចជាជនសង្ស័យទាក់ឆ្កែលក់ផងដែរ៕ អរុណរះ