ខេត្តសៀមរាប៖ ស្ត្រីជាម្ចាស់ហាងយីហោបារាយណ៍ស្ប៉ា Baray Spa មួយកន្លែងស្ថិតនៅជាប់ពីខាងជើងហាងអង្គរហ៊ីបក្នុងតំបន់កម្សាន្តផាប់ស្ទ្រីត (Pub Street) កណ្តាលក្រុងសៀមរាប បន្ទាប់ពីម្ចាស់ហាងម៉ាស្សាបានរាយខ្សែភ្លើងដាក់តាមចិញ្ចើមផ្លូវ ដោយមានការធ្វេសប្រហែសបណ្តាលឱ្យឆក់ក្មេងស្រី ម្នាក់ស្លាប់កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដែលមានទោសពី១ឆ្នាំទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់២ លានរៀលទៅដល់៦លានរៀល យោងតាមមាត្រា២០៧នៃច្បាប់ក្រមព្រហ្មទណ្ឌ និងមានទោសបន្ថែមមួយទៀតគឺហាមឃាត់ប្រកបវិជ្ជាជីវៈ។
តាមប្រភពពីមន្ត្រីជាន់ខ្ពស់នៅតុលាការខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៧ បន្ទាប់ពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប បានសាកសួរចម្លើយ រួចមក ក៏បានសម្រេចចោទប្រកាន់ទៅលើស្ត្រីម្ចាស់ហាង ឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ យីហោ បារាយណ៍ស្ប៉ា Baray Spa ពីបទមនុស្សឃាតដោយអចេតនា ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ។
ប្រភពបានបញ្ជាក់ទៀតថា ការសម្រេចនេះគឺក្រោយពីរកឃើញភស្តុតាងក្នុងនោះមាន២ចំណុច ទី១-ម្ចាស់ហាង មានការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា និងទី២-ការបំពាន ទៅលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ ដូច្នេះតុលាការសម្រេចដាក់ពន្ធនាគារ ចាប់ពី១ឆ្នាំដល់៣ឆ្នាំ យោងតាមមាត្រា២០៧នៃច្បាប់ក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់២លានរៀលទៅដល់ ៦លានរៀល និងមានទោសបន្ថែមមួយទៀតគឺហាមបើកអាជីវកម្មឡើងវិញ ។
សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននាំខ្លួនស្ត្រីម្ចាស់ហាងបារាយណ៍ស្ប៉ា ទៅសាលាដំបូងខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីស្រាវជ្រាវករណីយុវតីម្នាក់បានស្លាប់ដោយសារចរន្តអគ្គិសនីឆក់នៅក្នុងតំបន់កម្សាន្ត ផាប់ស្ទ្រីត (Pub Street) ហើយរកឃើញថា ម្ចាស់ហាងម៉ាស្សាខាងលើ ធ្វើធ្វេសប្រហែស ដោយបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឱ្យឆក់នារីម្នាក់នោះស្លាប់ ។
នារីរងគ្រោះដែលស្លាប់ឈ្មោះ លី មុនីរដ្ឋានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅតំបន់កម្សាន្ត Pub Street ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈនារីរងគ្រោះកំពុងតែរាំកមន្សាន្ត និងបាញ់ទឹក លាបម្សៅលេងជាមួយបងស្រីបង្កើតជា តារាម្នាក់ឈ្មោះ លី មុនីនាថ។
ក្រោយពីចរន្តអគ្គិសនីឆក់សមត្ថកិច្ចបាននាំនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល នារីរងគ្រោះបានស្លាប់តាំងពីនៅកន្លែងកើតហេតុមកម្ល៉េះ។
បងស្រីរបស់នារីរងគ្រោះដែលបានស្លាប់ដោយសារតែចរន្តអគ្គិសនីឆក់ស្លាប់នៅតំបន់ផាប់ស្ទ្រីត បានចេញមុខបកស្រាយពាក់ព័ន្ធនឹងរឿងរ៉ាវនៃការស្លាប់ប្អូនស្រីរបស់ខ្លួន។
យោងតាមហ្វេសប៊ុករបស់កញ្ញា លី មុនីនាថ បានបញ្ជាក់ទាំងស្រុងថា «នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ព័ន្ធមរណភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ឋានី ដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំការស្លាប់ដោយសារតែគិតថាប្អូនស្រីនាងខ្ញុំបានទៅរត់ប្រឡែងប៉ាតម្សៅគ្នាជាមួយក្មេងស្ទាវៗ នឹងបានទៅរត់ជាន់ខ្សែភ្លើងក្នុងវ័យអាយុ១៨ ឆ្នាំ ទើបធ្វើឲ្យប្អូននាងខ្ញុំបាត់បង់ជីវិត ។
នាងខ្ញុំសុំចេញសារមួយបកស្រាយចំពោះការមរណភាពរបស់ប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ឋានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យបានដឹងនឹងជ្រាបច្បាស់ថា នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ជាយប់ថ្ងៃចូលឆ្នាំបង្ហើយខ្ញុំនិងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភក្តិខ្ញុំចំនួន៧នាក់ទៀតបានទៅលេងកំសាន្តនៅតំបន់ Pub Street ហើយពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហ៊ីប និងផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលាម៉ោង១១និង៤០នាទីយប់ដោយសារតែលេងហត់ហើយឃ្លានផងក៏បានហៅដំឡូងបំពងមួយចានមកញុំាជាមួយគ្នានឹងត្រៀមរៀបចំទៅផ្ទះទៅហើយ ប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃទៅលើបង្គោលដែកតូចមួយដែលនៅចន្លោះកណ្តាលនៃហាងទាំង២នោះ (អង្គរហ៊ីប និង ផ្ទះម៉ាស្សា Baray Spa ) តែភ្លាមៗនោះខ្ញុំបានឃើញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួមទាំងខ្ញុំផងដែរ ហើយពេលនោះមានមិត្តភកិ្តប្រុសម្នាក់មកជួយទាញសង្រ្គោះខ្ញុំនឹងប្អូនស្រីខ្ញុំរួចគេក៏ចាប់បីប្អូនខ្ញុំសង្រ្គោះបឋមហើយក៏ឃើញមិនស្រួលមិត្តភក្តិខ្ញុំទាំងអស់បានជួយនឹងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប។ ខ្ញុំនឹងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវដើម្បីយកប្អូនទៅពេទ្យសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាមហើយខ្ញុំក៏ទូរសព្ទ័ទៅបងស្រីបង្កើត ដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែល ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុត(ដាច់ខ្យល់)ទៅហើយ ដោយសារតែបងស្រីបង្កើតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន ។
ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រីមិនអាចជួយប្អូនសោះ ប្អូនខ្ញុំទើបតែមានអាយុ១៣ឆ្នាំ នឹងឈាន ចូល១៤ឆ្នាំទៅហើយមិនគួរណាប្អូនកើតរឿងបែបនេះសោះ» ។
កញ្ញា លី មុនីនាង បានសរសេរបន្តថា «ជាចុងក្រោយនាងខ្ញុំ លី មុនីនាថ នឹងគ្រួសារខ្ញុំទាំងមូលសុំសំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យប្អូនស្រីនាងខ្ញុំផង និង សំណូមពរដល់សារព័ត៌មានទាំងអស់ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត ហើយនៅពេលនេះក្រុមគ្រួសារខ្ញុំទាំមូលកំពុងតែមានទុក្ខធំជាទម្ងន់សុំមេត្តាពុកម៉ែបងប្អូនព្រមទាំមិត្តភក្តិទាំងអស់សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីខ្ញុំផង។ ឥឡូវនេះសពកំពុងតែតង្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» ។
សូមជម្រាបថា ស្ត្រីជាម្ចាស់ហាងម៉ាស្សាបារាយ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនិងបានឃុំខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា បានធ្វេសប្រហែសបណ្ដាលឲ្យយុវតីម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅវេលារំលងអធ្រាត្រថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ឈររាំកម្សាន្តផាប់ស្ត្រីត (Pub Street) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ៕ ប៊ុន រិទ្ធី