ខេត្តកណ្តាល ៖ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ បានតាមដាននិងកំណត់មុខសញ្ញាជនសង្ស័យរក្សាទុកថ្នាំញៀនពីរនាក់ កាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខដេប៉ូប្រេងតេលា កំពង់ចំលងភូមិ-ឃុំអរិយក្សត្រ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។
ជនសង្ស័យខាងលើ ១-ឈ្មោះ សេង ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅ ភូមិព្រែកតាកូវ ឃុំព្រែក តាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល , ២-ឈ្មោះ ណូ សង្ហារ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងមាន ៖ ម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់តូច , ម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា០១គ្រឿង , ក្រដាសកញ្ចប់បារីចំនួន០២កំណាត់ , ប្រាក់រៀល៥០០ រៀល ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងថ្ងៃខែកើតហេតុខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលអរិយក្សត្រ ជិះល្បាតតាមដានរកមុខសញ្ញា ក៏ប្រទះឃើញនៅចំណុចកើតហេតុ មានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បានឃាត់និងឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន០២កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវឃាត់ខ្លួន និងបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ