ភ្នំពេញ៖ បន្ទាប់ពីកើតមានអំពើឃាតកម្មក្នុង ផ្ទះសំណាក់យី ហោ តារាថ្នល់កោង ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងដោយ នៅផ្ទះសំណាក់ខាងលើ ពុំមានបំពាក់កាមេរ៉ាសុវត្ថិភាពងាយស្រួលគ្រប់គ្រងតាមដាន ភ្ញៀវចេញចូលនោះ នៅរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០១៧ សមត្ថកិច្ច អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជា ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃនេះតទៅ ។
មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់ យីហោខាងលើ មានឈ្មោះ ផាត វណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុត្រូវបានអាជ្ញារដែនដីបានកត់សម្គាល់ថាបានបណ្តែតបណ្តោយ ឲ្យបុគ្គលិកបម្រើការងារ ក្នុងផ្ទះទាំងអ្នកគ្រប់គ្រង ទាំងសន្តិសុខ ធ្វេសប្រហែស ពុំមានឧបករណ៍ គ្រឿងបំពាក់គ្រប់គ្រង តាមដានភ្ញៀវចេញចូល ស្នាក់នៅគ្រប់គ្រាន់ធ្វើឲ្យកើតមាន អំពើឃាតកម្មចាប់ ជំរិតសម្លាប់ក្នុងផ្ទះសំណាក់មួយនេះនាពេលកន្លងមកថ្មីៗ ខណមាន ភ្ញៀវចេញចូល គ្មានការគ្រប់គ្រងច្បាស់លាស ទើបនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរ សមត្ថកិច្ចខណ្ឌក្រោមបញ្ជា របស់លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះរបស់ខណ្ឌពោធិ៍សែនជ័យ សម្រេចអនុវត្តន៍ចុះបិទ ផ្អាកអាជីវកម្មផ្ទះសំណាក់នេះ ជាបណ្តោះអាសន្នដោយរ់ងចាំសម្រេចជាក្រោយ ។
តាមមន្រី្តនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់ខាងលើ ធ្វេសប្រហែស ក្នុងការគ្រប់គ្រង រាល់ភ្ញៀវចេញចូល ពុំមានគ្រឿងបំពាក់ តាមដាន គ្រប់គ្រាន់ កើតមានអំពើឃាតកម្មក្នុងផ្ទះ បានដោយងាយៗ ទើបសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានសម្រេចឲ្យបិទធ្វើអាជីវកម្ម។
គួរបញ្ជាក់ថា នៅថ្ងៃទី៨ មេសា ២០១៧ម៉ោងប្រហែល ៦ល្ងាច ជនរងគ្រោះឈ្មោះ ឡ ហ្វុងភេទប្រុសអាយុ៣៥ឆ្នាំជាជនជាតិចិន បានមកលេងផ្ទះឈ្មោះ អ៊ូ យ៉ាងចឹង ជាមិត្តភក្តិ នៅបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ ម៉ោងប្រហែល ៤ល្ងាចជនរងគ្រោះត្រូវបានជនសង្ស័យឈ្មោះ កៅ កឺយ៉ានភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិនដូចគ្នាបាន ទូរស័ព្ទ ហៅជន រងគ្រោះមកជួបនៅម្តុំផ្លូវវេងស្រេងហើយ រហូតដល់ម៉ោង ៦ល្ងាច ជនរងគ្រោះបានទូរស័ព្ទមកម្ចាស់ផ្ទះខ្លួនស្នាក់នៅថា ខ្លួនទៅហូបបាយជាមួយឈ្មោះ កៅ កឺយ៉ាន។ ចាប់តាំងពីពេលនោះមកក៏បាត់រហូតទាំងរថយន្ត និងជនរងគ្រោះ ។ លុះដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ ម៉ោងប្រហែល ៨និង៤០នាទីយប់ ជនសង្ស័យបានទូរស័ព្ទលេខ ០៩៦ ៥៣ ៧៤០៤១ ខលមកបងស្រីជនរងគ្រោះជម្រិតទារប្រាក់ចំនួន៤ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងជនរងគ្រោះវិញ ។
តាមចម្លើយសារភាព ជនសង្ស័យទាំង ២ នាក់ ពួកគេរួមគ្នាចាប់ជនរងគ្រោះក្នុងបំណងជម្រិតទារប្រាក់ តែដោយជនរងគ្រោះបដិសេធ មិនព្រមប្រគល់ប្រាក់ ឲ្យតាមការទាមទារ ពួកគេក៏បានសម្រេចចិត្តសម្លាប់ជនរងគ្រោះដោយយកខ្សែរឹតក រួចដឹកសពតាមរថយន្តរបស់ខ្លួនយកទៅទម្លាក់ចោលក្នុងទន្លេពីលើស្ពានអ្នកលឿងនាពាក់កណ្តាលអធ្រាត្រគ្រាដែលពេលនោះនៅស្ពានអ្នកលឿងដាច់ចរន្តអគ្គិសនីគ្មានអ្នកណាដឹង រួចក៏នាំគ្នាគេចខ្លួនមកខេត្តព្រះសីហនុតែម្តង ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម ប្រតិបត្តិការវែកមុខឃាតកត្រូវបានធ្វើឡើង ដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ករណី)សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលខេត្តក្រចេះ កម្លាំងនគរបាលខេត្តព្រៃវែងក្រោមបញ្ជាផ្ទាល់ពីលោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងចុងក្រោយ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំងនោះផងទើបឈានដល់ ចាប់ខ្លួនជនដៃដល់ទាំងពីរនាក់តែម្តង ៕ ប្រាថ្នា