ភ្នំពេញ៖ ក្រោយចាប់ផ្តើមលេចធ្លោរជាមួយនឹងការសម្តែង ចម្រៀងនិងបង្ហាញម៉ូដ លោក នរៈ សិរីវិទ្យា ចាបផ្តើមប្រែមុខមាត់ថ្មីជាមួយនឹងភាពហឺហាជាងមុន។ ទោះជាយ៉ាងណាតារាប្រុសរូបនេះហាក់គេចចេញពីការចោទសួរនេះព្រោះតែលោកគិតថាមិនចង់អួតអាងនិងសម្តែងព្រទ្យទាំងនេះទេ។
ប្រឡូកក្នុងវិស័យសិល្បៈជាង៤ឆ្នាំ នរៈ សិរីវិទ្យាទើបនឹងបង្ហាញមុខក្នុងការសម្តែងជាមួយនឹងបទចម្រៀងមួយចំនួនរបស់ផលិតកម្មថោននិងស្នាដៃសិល្បៈនានាជាច្រើន។ ក្រោយចាប់ផ្តើមមានមុខមាត់ក្នុងវិស័យសិល្បៈ តារាសម្តែងរូបនេះក៏ចាប់ផ្តើមកែប្រែមុខមាត់ខ្លាំងទាំងការផ្លាស់ប្តូរផ្ទះថ្មី និងងាកមកជិះរថយន្តថ្មីជំនួសការជិះម៉ូតូ និងរថយន្តជាមួយមិត្តភក្តិ។ តារាសម្តែងវ័យ២៣ឆ្នាំរូបនេះស្នើមិនបញ្ជាក់រឿងផ្ទះថ្មី និងរថយន្តទំនើប ព្រោះតែលោកមិនចង់ឲ្យគេយល់ថាលោកអូត និងសម្តែងរឿងទ្រព្យធន។ លោកបន្តថា រថយន្តថ្មី និងផ្ទះដែលលោកទើបនឹងចូលទៅរស់នៅគឺជាការបង់រំលោះប៉ុណ្ណោះមិនមានលុយទាំងដុំទៅទិញនោះទេ។ លោកថា នៅតែប្រឹងប្រែងក្នុងការងារសិល្បៈដើម្បីជួយក្រុមគ្រួសារហើយក៏មិនបោះបង់ចោលក្តីសុបិន្តជាតារាសម្តែងដែលមានទស្សនិកជនគាំទ្រច្រើននោះដែរ។ តារាសម្តែងក្នុងខ្សែភាពយន្តអប់រំរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជារឿង “ក្របីរាល” រូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកបាននឹងកំពុងបោះជំហានទៅមុខយ៉ាងល្អ ទាំងការសម្តែង បង្ហាញម៉ូដ និងការច្រៀង ហើយបើទោះបីជាមិនទាន់ដល់ចំណុចកំពូលក្តីក៏តារាប្រុសរូបនេះនៅមិនទាន់បោះបង់ក្តីសុបិន្តចោលនៅឡើយ។
លោករំពឹងដែរថា ឆ្នាំថ្មីនេះ ការងារសិល្បៈនិងបន្តរីកចម្រើនកាន់តែខ្លាំងជាងមុនថែមមួយកម្រិតទៀត។ លោកក៏ស្នើឲ្យអ្នកគាំទ្រលោកបន្តគាំទ្រនូវរាល់ការងារសិល្បៈដែលលោកបានចូលរួមសម្តែងហើយលោកនឹងប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជនបន្តទៀត៕ វឌ្ឍនា