អាជ្ញាធរ​រាជធានី ព្រមានយករថយន្តដើរ​ចាប់​ឆ្កែ​តាម​សួនសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញនា ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ឆ្កែរាប់សិបក្បាលត្រូវបានម្ចាស់របស់វាដឹក ឬបណ្តើរយកទៅជាមួយក្នុងពេលពួកគាត់ទៅកម្សាន្តឬហាត់ប្រាណនៅតាមសួនច្បារនានាក្នុងរាជធានីភ្នំពេញ ដែលបង្កឲ្យមានការជុះនោម លាមក និងបណ្តាលឲ្យមានភាពអាប់អ៊ួរប៉ះពាល់បរិស្ថានមិនល្អ។ ដោយសារហេតុផលបែបនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើមមានវិធានការក្តៅ គឺតម្រូវឲ្យរៀបចំរថយន្ត ដើម្បីដើរប្រមូល ឬចាប់សត្វឆ្កែដែលទៅជុះនោម ឬ លាមក ដាក់សួនច្បារចាប់ពីពេលនេះតទៅ  ។

លោកអភិបាលរាជធានី បន្តថា កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ស្លាកសញ្ញាហាមមិនឲ្យសត្វឆ្កែចូលជុះនោម ឬរត់លេងលើសួនច្បារ ដែលបង្កឲ្យមានភាពអាប់អ៊ួរ ឬបរិស្ថានមិនល្អសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋដែលបានទៅហាត់ប្រាណជាដើម ប៉ុន្តែបំរាមទាំងនោះ ហាក់មិនមានប្រសិទ្ធភាពសោះ គឺប្រជាពលរដ្ឋនៅតែបន្តនាំសត្វឆ្កែមកជុះនោមដាក់លើសួនច្បារដដែល ។ ដូចនេះចាប់ពីពេលនេះតទៅអាជ្ញាធរត្រូវតែមានវិធាន ការហើយ គឺត្រូវរៀបចំរថយន្តដើម្បីដើរប្រមូល ឬចាប់សត្វឆ្កែដែលទៅជុះនោមដាក់សួនច្បារសាធារណៈដោយមិនមានការលើកលែងទៀតទេ ។សម្រាប់សួនច្បារវិមានឯករាជ្យអាជ្ញាធរខណ្ឌចំការមន ត្រូវធ្វើឲ្យបាន មិនឲ្យមានការដឹកឆ្កែឡើងសួនច្បារទៀតទេ ដោយសួនច្បារធ្វើអស់លុយច្រើនណាស់ គឺសម្រាប់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិបានលំហែកាយ និងហាត់ប្រាណ មិនមែនធ្វើឲ្យសត្វឆ្កែហាត់ប្រាណ និងជុះនោមដាក់នោះទេ ។

លោកប៉ាសុជាតិវង្សបន្តទៀតថា ចំពោះការលក់ដូរនៅតំបន់សួនច្បារនាគបាញ់ទឹកដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបញ្ហាកកស្ទះចរាចរណ៍ ដោយសារអ្នកទិញចតយានយន្តពេញផ្លូវនោះ អាជ្ញាធរខណ្ឌចំការមនត្រូវតែមានវិធានការ និងរៀបរយឲ្យបានល្អចាប់ពីពេលនេះតទៅផងដែរ ។

ទាក់ទិនបញ្ហានេះ លោក មាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ បានសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនតូចបានបណ្តើរសត្វឆ្កែដែលខ្លួនចិញ្ចឹមឲ្យទៅជុះនោមលើសួនច្បារដ៏ស្រស់ស្អាត ដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បង្កឲ្យមានក្លិនស្អុយ ឆ្អេះឆ្អាបប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង និងបង្ហាញពីកង្វះខាតការយល់ដឹងក្នុងការចូលរួមសំអាតទីក្រុង ។ សម្រាប់វិធានការជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឲ្យសន្តិសុខដែលប្រចាំការគោលដៅតាមសួនច្បារត្រូវមានការអប់រំណែនាំឲ្យបញ្ឈប់ដឹកឆ្កែឲ្យទៅជុះនោមលើសួនបន្តទៀត និងមានការដាក់ស្លាកបំរាមដឹកឆ្កែនៅលើសួន ហើយសម្រាប់ជំហានបន្ទាប់នឹងមានការផាកពិន័យតែម្តង៕ ប្រាថ្នា

samrith (10)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print