ខេត្តកំពង់ធំ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥៤នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចលើស្ពានពុកយុក ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តក្រុងបុក និងគោយន្តកន្ត្រៃយ៍ជ្រុលចង្កូតបុករះរបាំងថ្ម និងបុករថយន្តពីរគ្រឿងទៀត បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តម្នាក់ ពេលបញ្ជូនទៅពេទ្យ ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ានដាយ (៤៥កៅអី) ដឹកអ្នកដំណើរ ពណ៌ ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9589 អ្នកបើកបរជន មិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ពេលបើកបរមកដល់កន្លែងកើតហេតុ បានបុករបាំងថ្ម បាំងធ្វើថ្នល់រួច បុកគោយន្តកន្ត្រៃយ៍ និងបន្ដបុករថយន្ដ២គ្រឿងទៀត និងបុក ម៉ាស៊ីនភ្លើងដែលកំពុងតែផ្សាដែកធ្វើស្ពាន ក្នុងទឹសដៅបញ្ច្រាស់គ្នា ។
អ្នកបើកបរគោយន្តកន្ត្រៃយ៍ ឈ្មោះ កុន ញ៉ ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់ពេលបញ្ជូនដល់ ពេទ្យឯកជន ៥១៥) ហើយរថយន្តនេះ ។
រថយន្តកូរ៉េ ១,៥តោន ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2K-1633 បើកបរដោយឈ្មោះ គង់ វុត្ថា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាកនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន(ខូចរថយន្ត) ។ រថយន្តម៉ាក ស៊ីណា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0103 បើកបរដោយឈ្មោះ ហោ ប៊ុនឡេង ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ របាំងថ្ម សម្រាប់ដាក់បាំងធ្វើផ្លូវ ។
មូលហេតុ ជាបឋម បង្កឡើងដោយអ្នកបើកបររថយន្តហ៊ីយ៉ិនដាយ (៤៥កៅអី) ដឹកអ្នកដំណើរ បើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងចងក្រងសំណុំរឿង តាមនីតិវិធី ៕ ប៊ុន រិទ្ធី