ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់ទទួលរងរបួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីរូបនេះត្រូវរថយន្តដឹកទំនិញបើកបុក ខណៈកំពុងជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ស្ត្រីរងគ្រោះរងរបួសបាក់ជើងឆ្វេងនោះឈ្មោះ ង៉ាន វណ្ណ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពៀនស្សាឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AD-5914 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2382 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញឆ្ពោះទៅខេត្តតាកែវ) ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកស្ត្រីរងគ្រោះកំពុងជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសបាក់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល រីឯស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២នាក់ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ