ភ្នំពេញ៖ យុវជនអ្នកលក់នំបុង័ម្នាក់ បានដេកស្លាប់នៅក្នុងហាងនំបុ័ង ថែហ្គ័រ សង្ស័យ បណ្ដាលមកពីជម្ងឺគាំងបេះដូង ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ។
កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះខាងលើឈ្មោះ សៅ សុភ័ក្រ្ត ហៅស្វិត អាយុ២៥ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅយកនំបុ័ង នៅក្នុងហាងខាងលើ ដើម្បីយកទៅលក់បន្ត លុះពេលទៅដល់ ដោយអស់កម្លាំងពេក បានគេង នៅលើគ្រែក្នុងហាងនំបុ័ងនោះ រហូតដល់ពេលកើតហេតុមិនឃើញភ្ញាក់ អ្នកលក់នំបុ័ងដូចគ្នាបានទៅហៅឲ្យក្រោក ស្រាប់តែប្រទះឃើញស្លាប់ ដោយមាន សភាពរឹងបាត់ទៅហើយ ។
ក្រោយបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងហើយកម្លាំងសមត្ថកិច្ចប៉ូលីស បានចុះទៅកាន់ទីនោះធ្វើការពិនិត្យកោសល្យវិច័យ ហើយបានសង្ស័យថា យុវជនរូបនោះស្លាប់ ដោយសារគាំងបេះដូង និងបាន ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ
ដោយ៖ សុខា សែនជ័យ